គ្រោះរអិលបាក់ដី នៅឥណ្ឌូណេស៊ី សម្លាប់មនុស្ស ១២នាក់ និង១៨នាក់បាត់ខ្លួន

អាជ្ញាធរឥណ្ឌូណេស៉ីបានប្រាប់ឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោច១២នាក់បានបាត់បង់ជីវិត និង១៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយការធ្លាក់ភ្លៀងខ្លាំងជោគជាំ បានបង្កជាគ្រោះរអិលបាក់ដី នៅក្បែរអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែង ស្ថិតលើកោះ Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូណេស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤។

គ្រោះរអិលបាក់ដីខាងលើ បានវាយប្រហារចំលើភូមិដាច់ស្រយាលមួយកន្លែង ក្នុងស្រុក Bone Bolango នៃខេត្ត Gorontalo តាំងតែពី​យប់រំលងអធ្រាត្រថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ក្រោយភ្លៀងបានធ្លាក់ខ្លាំងឥតឈប់ឈរ ហើយជាលទ្ធផលមនុស្សយ៉ាងហោច១២នាក់ បានស្លាប់ និង​ជិត២០នាក់ផ្សេងទៀត បាត់ខ្លួនមកទល់នឹងពេលនេះ។

មន្រ្តីទីភ្នាក់ងាររុករកនិងជួយសង្រ្គោះប្រចាំតំបន់ បាននិយាយថា សាកសពមនុស្ស៩នាក់ ត្រូវទាញចេញមកបានពីក្រោមគំនរដីហើយ ខណៈ​សព៣នាក់ទៀត នៅពុំទាន់ជម្លៀសបាននៅឡើយទេ។ ទន្ទឹមគ្នា មនុស្ស៥នាក់ បានរួចរស់ជីវិតពីការវាយប្រហារគ្រោះរអិលបាក់ដី ប៉ុន្តែរងរបួសកម្រិតចាប់ពីស្រាលដល់ធ្ងន់។ ចំណែក មនុស្ស១៨នាក់ផ្សេងទៀត កំពុងបន្តបាត់ខ្លួន។

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំនេះ មនុស្សយ៉ាងហោច១៥នាក់ បានស្លាប់ ក្រោយគ្រោះរអិលបាក់ដី និងទឹកជំនន់ នៅខេត្ត Sulawesi ខាងត្បូង បានវាយប្រហារលើលំនៅដ្ឋានរាប់សិបខ្នង ហើយធ្វើឱ្យខូចខាតផ្លូវថ្នល់។ រីឯ គ្រោះរអិលបាក់ដីមួយទៀត ក្នុងខេត្តដដែល កាលពីខែមេសា បានផ្តាច់ជីវិតមនុស្សប្រហែល២០នាក់៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close