កម្ពុជា នាំចេញមៀនស្រស់ជាង ១.៤ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆមាសទី១
ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិចំនួន ១៤ ៨១៧ តោនកើនឡើង ១២០.៣៣% ដែលជំរុញឱ្យដំណាំនេះ កាន់តែមានសក្តានុពលក្នុងការនាំចេញ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ថា ទីផ្សារដែលបានស្រូបយកការនាំចេញមៀនស្រស់របស់កម្ពុជាច្រើនជាងគេ គឺទីផ្សារប្រទេសចិន បន្ទាប់ពីចិនអនុញ្ញាតឱ្យកម្ពុជា បាននាំចេញមៀនស្រស់ ទៅដោយផ្ទាល់កាលពីឆ្នាំ២០២២។
កញ្ញា បញ្ជាក់ទៀតថា «យើងឃើញថា ចាប់តាំងពីយើងចរចាបើកទីផ្សារ ហើយបានសម្រេចការនាំចេញដំបូងនៅចុងឆ្នាំ២០២២ យើងឃើញថាផ្លែមៀនស្រស់របស់កម្ពុជាត្រូវមាត់ប្រជាជនចិន ហើយការកុម្ម៉ង់បានកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម ដែលធ្វើការជាមួយកសិករ ដើម្បីដាំដុះមៀនដែលស្របតាមស្តង់ដារបច្ចេកទេស និងតម្រូវការរបស់ទីផ្សារប្រទេសចិន ជារឿងមួយដែលធានានូវស្ថេរភាពនៃការផ្គត់ផ្គង់មៀនស្រស់ ទៅកាន់ទីផ្សារប្រទេសចិន។ ហើយប្រជាកសិករដែលដាំដុះមៀនស្រស់ ដោយអនុលោមទៅតាមស្តង់ដាររបស់អាជ្ញាធរគយចិននេះ គឺគាត់លក់ចេញបាននៅក្នុងតម្លៃខ្ពស់ បើធៀបនឹងកសិករដែលគាត់ដាំដុះតាមលក្ខណៈប្រពៃណី»។
សូមជម្រាបថា កម្ពុជាបានចាប់ផ្តើមនាំចេញផ្លែមៀនប៉ៃលិនស្រស់ ទៅទីផ្សារប្រទេសជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០២២ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងបានដាក់លក់ជាផ្លូវការ នៅលើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២ ដែលធ្វើឱ្យអ្នកប្រើប្រាស់នៅចិន កាន់តែច្រើនស្គាល់ពីផលិតផលកសិកម្មកម្ពុជា ព្រោះចិនជាទីផ្សារធំដែលមានប្រជាជនជាង ១៤០០លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។