៥០០លានដុល្លារ ចំណាយលើការនាំចូលយានយន្ដ ក្នុងរយៈពេល៥ខែនេះ
រយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានចំណាយជិត ៥០០លានដុល្លារ ពីការនាំចូលយានយន្ដពីក្រៅប្រទេស មានការកើនឡើងចំនួន ៤.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, រយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចូលរថយន្ដសរុបចំនួន ១៦,២០៤គ្រឿង បានប្រាក់ពន្ធ និងអាករ ចំនួន៩៨៩.៨៩៥លានរៀល ស្មើនឹងប្រមាណជាង ២៤០លានដុល្លារ។
នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា បានបញ្ជាក់ឲ្យដឹងទៀតថា កត្តានេះ បាននាំឲ្យតម្រូវការរថយន្តថ្មី កើនឡើងជាបន្តបន្ទាប់ ពី១០% នៃចំណែកទីផ្សារ ក្នុងឆ្នាំ២០១៣ កើនដល់ប្រមាណ៤៥% នៅឆ្នាំ២០២៣។
ជាមួយកំណើននេះ ក្រុមហ៊ុនមួយចំនួន បានសម្រេចបោះទុនវិនិយោគលើរោងចក្រដំឡើង ក្នុងស្រុកមកទល់ឆ្នាំ២០២៤នេះ ក្រុមហ៊ុនរថយន្តចំនួន៧ បានបោះទុនវិនិយោគដំឡើងរថយន្ត ក្នុងប្រទេសកម្ពុជា រួមមានក្រុមហ៊ុន៖ Hyundai, SsangYong, Ford, Toyota, Kia, Isuzu និង GTV។
សូមបញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការលក់រថយន្ដ ទាំងរថយន្ដថ្មី និងរថយន្ដជជុះនៅកម្ពុជា មានការធ្លាក់ចុះប្រមាណ២៥% ដោយក្នុងនោះ ការលក់រថយន្ដជជុះ មានការធ្លាក់ចុះជិត៣០% ខណៈការលក់រថយន្ដថ្មី ធ្លាក់ចុះប្រមាណ២០%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។