គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត បញ្ចប់ការសិក្សា
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត គឺជាគម្រោងដ៏ធំ និងជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងស្ថានភាពចរាចរណ៍សម័យទំនើប, ការដឹកជញ្ជូនទំនិញ និងភស្តុភារកម្ម ទៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ធំរបស់កម្ពុជា និងទៅច្រកព្រំដែនកម្ពុជា-ថៃ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តាមគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ប្រវែងផ្លូវសរុបប្រមាណ ៤២០គ.ម មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គ.ម ខេត្តកណ្ដាល ១៨គ.ម ខេត្តកំពង់ចាម ៤៣ គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ១ តំបន់ផ្តល់សេវាកម្ម១) ខេត្តកំពង់ធំ ១៣១គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ៣ តំបន់ផ្តល់សេវាកម្ម ៤) ខេត្តសៀមរាប ១៣០គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ៥ តំបន់ផ្តល់ សេវាកម្ម ១ ចំណតរថយន្ត ១) ខេត្តបន្ទាយមានជ័យ ៩៥គ.ម (ផ្លូវប្ដូរទិសចរាចរណ៍១ តំបន់ផ្តល់សេវាកម្ម១ ចំណតរថយន្ត ១)។សរុបមានផ្លូវប្តូរទិស១០ កន្លែង សេវាកម្ម ៧កន្លែង និងចំណតរថយន្ត២កន្លែង)។
លោកបន្តថា មកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ( Traffic volume survey),សិក្សាជលសាស្ត្រ(Hydrological survey)ការសិក្សាភូគព្ភសាស្ត្រ(Geotechnical survey) ការសិក្សាវាស់ស្ទង់ (Topographi cal survey) ការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ (cultural relics and nature reserves survey)។ ទន្ទឹងនឹងនោះក្រុមមហ៊ុន បាន និងកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាន នៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។
គួរបញ្ជាក់ថា ក្រុមហ៊ុនCRBC ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យវិនិយោគសាងសង់គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ដោយហេតុថា ក្រុមហ៊ុនមានបទពិសោធន៍ និងទទួលស្គាល់ជាអន្តរជាតិលើការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក៏ដូចជាមានបទពិសោធន៍សាងសង់ និងធ្វើអាជីវកម្មលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ព្រមទាំងបាន និងកំពុងវិនិយោគសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងបាវិតផងដែរ។
ជាបច្ចេកទេសផ្លូវនេះ ដូចគ្នានិងគម្រោងផ្លូវល្បឿនលឿនទាំង រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ-ក្រុងបាវិត ដោយផ្លូវចែកជាបួនគន្លង ក្រាលបេតុងកៅស៊ូ (AC) ទទឹងតួផ្លូវ ២៤,៥ម. មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង(២គន្លងទៅ២គន្លងមក)ទទឹង ៣,៧៥ម. សួនចែកទិសចរាចរណ៍នៅចំកណ្ដាលទ្រូងផ្លូវទទឹង ៣ម. គន្លងផ្លូវឈប់បន្ទាន់ទទឹង ២,៥ម. និងចិញ្ចើមផ្លូវទទឹង ០,៧៥ម. ដោយបានសិក្សាល្បឿន ១០០ ទៅ១២០គ.ម ក្នុងមួយម៉ោង។
គម្រោងនេះត្រូវបានចែកចេញជាពីរជំហាន ដោយគម្រោងជំហាន១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩គ.ម ចំណាយថវិកាប្រមាណ ២,៥ប៊ីលាន និងជំហាន២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១គ.ម ចំណាយថវិកាប្ររមាណ១,៧ប៊ីលាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។