ប៉ូលិសថៃបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានការបំពុលជនជាតិវៀតណាមស្លាប់៦នាក់នៅក្នុងសណ្ឋាគារ Grand Hyatt Erawan
ប៉ូលិសជឿថា ជនជាតិវៀតណាមម្នាក់ក្នុងចំណោមប្រាំមួយនាក់ត្រូវបានគេរកឃើញស្លាប់នៅឯសណ្ឋាគារ Grand Hyatt Erawan ក្នុងរាជធានីបាងកក កាលពីល្ងាចថ្ងៃអង្គារទី១៦កក្កដា ដោយបានបំពុលអ្នកផ្សេងទៀតហើយបន្ទាប់មកធ្វើអត្តឃាត។ ចំពោះមូលហេតុនៅពីក្រោយករណីឃាតកម្មដ៏គួរឱ្យរន្ធត់នេះ គឺពាក់ព័ន្ធនឹងជម្លោះលើបំណុលទាក់ទងនឹងការវិនិយោគ។
លោកឧត្តមសេនីយ៍ទោ ធីរ៉ាដេត ថុមសុធី (Theeradet Thumsuthee) ប្រធានផ្នែកស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាល បាននិយាយនៅប៉ុស្តិ៍នគរបាលលុមភីនី Lumpini នៅព្រឹកថ្ងៃពុធនេះថា៖«ប៉ូលិសបានសាកសួរកូនស្រីរបស់ជនរងគ្រោះម្នាក់ និងសាក្សីផ្សេងទៀត។ ករណីនេះទំនងមកពីបញ្ហាបំណុល។ មិនមានលទ្ធភាពផ្សេងទៀតទេ។ ពិរុទ្ធជនស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង៦នាក់ ព្រោះពួកគេជាមនុស្សតែម្នាក់គត់ដែលចូលក្នុងបន្ទប់។ គ្មានអ្នកផ្សេងទៀតទេ»។ លោកបន្តថា ក្រុមអ្នកស៊ើបអង្កេតមិនទាន់កំណត់អត្តសញ្ញាណថ្នាំពុលដែលបានប្រើនៅឡើយទេ។
ប្រភពព័ត៌មានបានឱ្យដឹងថា ប៉ូលិសធ្វើកោសល្យវិច្ច័យបានរកឃើញសារធាតុដែលសម្លាប់មនុស្សយ៉ាងឆាប់រហ័ស Cyanide ក្នុងកែវប្រើប្រាស់រួចក្នុងបន្ទប់លេខ៥០២ ជាកន្លែងរកឃើញសាកសព។ ចំណែក ជនជាតិវៀតណាមទីប្រាំពីរបានកក់បន្ទប់ក្បែរនោះ។ ប៉ូលិសជឿថា នាងជាប្អូនស្រីម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៦នាក់។ ស្ត្រីរូបនេះ បានចាកចេញពីប្រទេសកាលពីថ្ងៃទី១០ ខែកក្កដា ហើយទំនងជាមិនមានអ្វីទាក់ទងនឹងការស្លាប់នោះទេ។ ប្រភពមួយបានឱ្យដឹងថា ឃាតកត្រូវបានគេជឿថា បានបំពុលមនុស្សប្រាំនាក់ផ្សេងទៀតមុនពេលសម្លាប់ខ្លួន។
រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា ស្ថានទូតរបស់ខ្លួននៅរាជធានីបាងកកកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃលើករណីនេះ ខណៈក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក៏កំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់។ មន្ត្រីប៉ូលិស លោក ធីទី ស៊ែងសាវ៉ាង (Thiti Saengsawang) បានប្រាប់អ្នកយកព័ត៌មានថា អ្នកទាំងប្រាំមួយនាក់ មានដើមកំណើតវៀតណាម ជាមួយលិខិតឆ្លងដែនអាម៉េរិកចំនួន២នាក់ បានចូលសណ្ឋាគារ Grand Hyatt Erawan នៅរាជធានីបាងកក នៅម៉ោងពីរផ្សេងគ្នា បន្ទាប់ពីបានមកដល់កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ លោកបានបន្តថា ក្រុមបុរសបីនាក់ និងស្ត្រីបីនាក់ បានចូលទៅក្នុងបន្ទប់ផ្សេងគ្នា ប៉ុន្តែសាកសពរបស់ពួកគេត្រូវបានរកឃើញក្នុងបន្ទប់មួយដែលមិនមានសញ្ញានៃការវាយដំ ឬធ្វើបាបអ្វីឡើយ។ ប៉ូលិសបានរកឃើញសាកសពបន្ទាប់ពីមានការហៅទូរសព្ទពីបុគ្គលិកសណ្ឋាគារនៅម៉ោងប្រហែល៥:៣០ល្ងាច។
រាជរដ្ឋាភិបាល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានទៅសណ្ឋាគារកាលពីល្ងាចថ្ងៃអង្គារជាមួយមន្ត្រីប៉ូលិសជាន់ខ្ពស់ បានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័សលើបញ្ហានេះ។ សេចក្តីថ្លែងការណ៍នោះ បានបន្តថា៖«នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យគ្រប់ស្ថាប័នចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់វិស័យទេសចរណ៍»។ Grand Hyatt Erawan មានបន្ទប់ជាង៣៥០ និងមានទីតាំងនៅក្នុងសង្កាត់ទេសចរណ៍ដ៏ពេញនិយមមួយក្នុងរាជធានីបាងកក ដែលល្បីខាងផ្សារទំនើប និងភោជនីយដ្ឋាន។ វិស័យទេសចរណ៍ដើរតួនាទីជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ ដោយរាជរដ្ឋាភិបាលរំពឹងថា នឹងមានភ្ញៀវបរទេសចំនួន៣៥លាននាក់នៅឆ្នាំនេះ បន្ទាប់ពី២៨លាននាក់បានមកទស្សនាប្រទេសថៃក្នុងឆ្នាំ២០២៣ ដោយចំណាយប្រាក់១,២ពាន់ពាន់លានបាត (៣៣,៧១ពាន់លានដុល្លារ)។
វិស័យទេសចរណ៍បានរង្គោះរង្គើកាលពីខែតុលាឆ្នាំមុន ដោយការបាញ់ប្រហារនៅផ្សារទំនើបប្រណីតមួយនៅកណ្តាលរាជធានីបាងកក ដែលក្នុងនោះជនបរទេសពីរនាក់ត្រូវបានសម្លាប់ ដែលជំរុញឱ្យរាជរដ្ឋាភិបាលចាត់វិធានការ ដើម្បីបង្កើនទំនុកចិត្ត រួមទាំងការបង្កើនសន្តិសុខនៅទីតាំងពេញនិយមផងដែរ។ ដើម្បីទាក់ទាញភ្ញៀវកាន់តែច្រើន រាជរដ្ឋាភិបាលបានផ្តល់រយៈពេលស្នាក់នៅយូរជាងមុន និងការលើកលែងសម្រាប់សញ្ជាតិមួយចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។