ក្រសួងព័ត៌មាននឹងដាក់​ឱ្យ​អនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ

ក្រសួងព័ត៌មាន បាន​ឱ្យដឹងថា ខ្លួន​នឹង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលជា​មូលដ្ឋាន​គ្រឹះ​នៃក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​សម្រាប់អ្នកសារ​ព័ត៌មាន​ សមាគមសារព័ត៌មាន និង​អ្នក​ប្រកប​អាជីព​ក្នុង​វិស័យ​សារព័ត៌មាន និង​សោតទស្សន៍ រួមនិងអ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់​នៅ​កម្ពុជា ឱ្យ​គោរព និង​អនុវត្ត​នាពេលដ៏ឆាប់ៗខាងមុខនេះ។

​ការ​ដាក់​ឱ្យ​អនុវត្ត​នូវ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះ ក្រសួងព័ត៌មានអះអាងថា ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន គុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មាន ទប់ស្កាត់ និ​ងប្រឆាំងព័ត៌មានក្លែងក្លាយ។

ក្រសួងព័ត៌មានក៏បានបញ្ជាក់ដែរថា ដើម្បីបន្ត​ពង្រឹង​សណ្តាប់ធ្នាប់​ក្នុងវិស័យ​សារព័ត៌មាន លើក​កម្ពស់​ក្រមសីលធម៌វិជ្ជាជីវៈ ក៏​ដូចជា​ទប់ស្កាត់​និង​លុបបំបាត់​ក្រុមជនខិលខូច​មួយចំនួន ដែល​យកអាជ្ញាបណ្ណ​ពីក្រសួងព័ត៌មាន​បានផ្តល់ជូន​ទៅស្វែង​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ផ្ទុយ​ពី​ក្រមសីលធម៌វិជ្ជាជីវៈ​សារព័ត៌មាន និង​ផ្ទុយ​ពី​ច្បាប់ស្តីពីរបបសារព័ត៌មាន និង​លិខិតបទដ្ឋានគតិយុត្តនានា​ដែលនៅជាធរមាន, ក្រសួងព័ត៌មាន​ជូនដំណឹង​ដល់អ្នកសារ​ព័ត៌មាន អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង MMO សូម​យក​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​ចែកចាយ​ព័ត៌មាន​ដោយ​សុចរិត ពិតប្រាកដ និង​គោរព​តាម​ក្រមសីលធម៌វិជ្ជាជីវៈ ដែលមាននៅ​ក្នុងច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​សូមសាធារណជនដែលទទួល​រងនូវ​ការ​កំហែងទារ និង​ការ​គាប​សង្កត់​ផ្សេងៗ​ពីអ្នកសារ​ព័ត៌មាន សូម​រាយការណ៍​មក​កាន់ក្រសួងព័ត៌មាន ឬដាក់ពាក្យ​បណ្តឹង​មក​ក្រសួងព័ត៌មាន ដើម្បីឱ្យ​ក្រសួងមានវិធានការ​តាមនីតិវិធីច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close