ស្លាប់ជិត ៣០០នាក់ ក្នុងហេតុការណ៍រអិលបាក់ដី នៅប្រទេសអេត្យូពី

មន្រ្តីរដ្ឋាភិបាល បានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនអ្នកស្លាប់ក្នុងគ្រោះរអិលបាក់ដីចំនួនពីរលើក នៅឯភាគខាងត្បូងនៃប្រទេសអេត្យូពី បានកើនឡើងដល់ ២២៩នាក់ហើយ ខណៈការស្វែងរកអ្នកនៅមានជីវិតកំពុងបន្ត ចូលដល់ថ្ងៃទីពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ ២០២៤។

លោក Markos Melese ប្រធានទីភ្នាក់ងារគ្រោះមន្តរាយជាតិ បានប្រាប់ Reuters តាមទូរស័ព្ទថា «ខ្ញុំមិនដឹងពេលណាបញ្ចប់ទេ យើងកំពុងជីករកសាកសពនៅឡើយ»។ នាយករដ្ឋមន្រ្តីអេត្យូពី លោក Abiy Ahmed បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ហើយថាក្រុមមន្ត្រីសហព័ន្ធត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានបំណាក់ដី កប់មនុស្សជាប់នៅក្រោមនោះជាច្រើននាក់ ក្នុងតំបន់ Gofa ភាគខាងត្បូងប្រទេសអេត្យូពី កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍មុន ខណៈដែលបំណាក់ដីលើកទី​ពីរ ​បាន​វាយប្រហារអ្នក​ផ្សេង​ទៀត​ដែលចូលរួម​ជួយ​សង្រ្គោះ នៅ​ថ្ងៃ​ចន្ទដើមសប្តាហ៍។ យ៉ាងហោចណាស់មនុស្សចំនួន ៥០នាក់បន្ថែមទៀតបានស្លាប់ ដែលរួមមានកុមារ និងមន្រ្តីប៉ូលិសផងដែរ។ ប្រមុខនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថាបុគ្គលិករបស់ WHO ត្រូវបានបញ្ជូនទៅជួយដល់តម្រូវការបន្ទាន់ផ្នែកសុខភាពនៅទីនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close