បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក ក្នុងឃ៉ំ កំពង់គោ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ កំពុងកើតឡើងយ៉ាងពេញបន្ទុក តែលោ សុខ លូ អភិបាលខេត្តកំពង់ធំ បែជាមើលមិនឃើញ
បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ត្រូវបានគេសង្ស័យថា មានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ ព្រមទាំងមន្ត្រីអាជ្ញាធរមូល ដ្ឋាននិងអ្នកពាក់ព័ន្ធ។ ចំណែកលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដូចជាមិនមានប្រតិកម្មចំពោះបញ្ហានេះឡើយ។
តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា បច្ចុប្បន្នដីព្រៃលិចទឹកជម្រកត្រីពងកូនក្នុងតំបន់ហាមឃាត់ រាប់សិបហិកតាកំពុងត្រូវបានអ្នកមានលុយ អ្នកមានអំណាច ទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកជាប់ពាក់ព័ន្ធទៅនឹងបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងឃុំកំពង់គោ មានដូចជា ទី១–លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ, ទី២–លោក ស្រី ណាល់ មេឃុំកំពង់គោ, ទី៣–លោក ឈុត ប៊ុនថាំ ជំទប់ទិ១, ទី៤–លោក យ៉េន ម៉ង ប្រធានសហគមន៍, ទី៥–លោក ប៊ុន នី ហៅប៊ី មេការនាំត្រាក់ទ័រចូលឈូសឆាយ, ទី៦–លោក គួក គឿន អ្នកឈូសឆាយព្រៃលិចទឹក, ទី៧–លោក សៅ វណ្ណសិរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ, ទី៨–ឈ្មោះ តាប៉ែត ជាអ្នកទទួលលុយ និងទី៩–ឈ្មោះ យ៉ុន ជាមេការនាំគ្រឿងចក្រចូលទៅឈូសឆាយព្រៃលិចទឹក។ ប្រជាពលរដ្ឋបានលើកឡើងថា ក្រុមមន្ត្រីនិងជនល្មើសដែលមានឈ្មោះដូចខាងលើនេះ គឺពួកគេមានខ្នងបង្អែករឹងមាំទើបហ៊ានធ្វើសកម្មភាពឈូសឆាយព្រៃលិចទឹកក្នុងតំបន់៣ នៅភូមិព្រះស្នែង អូរចេះ ខាងជើងស្ទឹងសែន ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ កន្លងមកក្រុមមន្ត្រីនិងជនល្មើសដែលមានឈ្មោះដូចខាងលើនេះ តែងគេចផុតពីសំណាញ់ច្បាប់ទើបពួកគេហ៊ានអ្វីៗតាមអំពើចិត្តដោយគ្មានញញើតអ្វីទាំងអស់។
ប្រជាពលរដ្ឋសូមអោយ លោក សុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាបើកភ្នែកមើលក្រុមមន្ត្រីឃិលខូច និងជនល្មើសទាំងនោះផង។
ក្រុមប្រជាពលរដ្ឋលើកជាសំនួរថា ប្រហែលជា លោក សុខ លូ អភិបាលខេត្តកំពង់ធំ ទទួលបានផលប្រយោជន៍ដែរទេដឹង ទើបមិនឃើញលោកមានចំណាត់ការលើក្រុមមន្ត្រី និងជនល្មើសទាំងនោះសោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។