ក្រសួងសុខាភិបាលអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ក្រោយមានកុមារម្នាក់ទៀតនៅស្វាយរៀង កើតជំងឺផ្តាសាយបក្សី
ក្រសួងសុខាភិបាលកាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្តីប្រកាសព័ត៌មានដោយអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ក្រោយមានកុមារម្នាក់កំពុងឆ្លងជំងឺផ្តាសាយបក្សី ដោយការបរិភោគសាច់មាន់ និងប្រលែងលែងជាមួយសត្វមាន់មានជំងឺ។
បើតាមសេចក្តីប្រកាសព័ត៌មានដែលចេញកាលពីថ្ងៃទី១សីហា ឆ្នាំ២០២៤ បានបង្ហាញថាកាលពីថ្ងៃទី៣០កក្កដា ឆ្នាំ២០២៤ មានក្មេងប្រុសអាយុ៤ឆ្នាំ មានទីលំនៅក្នុងភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង បានពិនិត្យរកឃើញថា មានផ្ទុកវីរុសផ្តាសាយបក្សី ប្រភេទហាស់៥អិន១ (H5N1) ក្រោយពីបានធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ។ ក្នុងនោះក្រោយពីបានផ្ទុកវីរុសនេះប្រហែល១២ថ្ងៃមុនចាប់ផ្តើមឈឺ នៅក្នុងភូមិ និងនៅផ្ទះអ្នកជំងឺ មានមាន់ទាងាប់ជាច្រើនក្បាល និងជាហូរហែ ហើយបានយកមកធ្វើម្ហូបបរិភោគ ដោយក្មេងប្រុសនោះបានបរិភោគ ប៉ះពាល់ និងកាន់មាន់ងាប់ ព្រមទាំងចូលចិត្តលេងជាមួយមាន់ទា។ ជាមួយគ្នានោះ ក្នុងអំឡុងពេលផ្ទុកជំងឺផ្តាសាយបក្សីក្មេងប្រុសអាយុ៤ឆ្នាំនោះ តែងមានអាការគ្រុនក្ដៅ ក្អក ហត់ និងពិបាកដកដង្ហើម ប៉ុន្តេពេលនេះបន្ទាប់ពីទទួលបានការព្យាបាលក្មេងប្រុសនោះបានធូរស្បើយច្រើន។
សូមរឭកថា ជំងឺផ្តាសាយបក្សី ហាស់៥អិន១ តែងបន្តកើតមានដែលជាជំងឺមួយអាចធ្វើឱ្យមនុស្សមានអាការក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម ស្រដៀងនឹងជំងឺផ្តាសាយដែរ ប៉ុន្តែជំងឺនេះបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ដូច្នេះ ក្រសួងអំពាវនាវដល់អ្នកដែលធ្លាប់មានប្រវត្តិបានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា កុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុត និងឱ្យបានឆាប់ទាន់ពេលវេលាព្រោះជំងឺនេះ ជាជំងឺធ្ងន់ធ្ងរអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងលឿន ជាពិសេសត្រូវលាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ បន្ទាប់ពីប៉ះពាល់បក្សីដែលមានជំងឺ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។