សាកសពជនជាតិប៉ាឡេស្ទីនជាង ៨០នាក់ ត្រូវបានបញ្ជូនមកតំបន់ហ្កាហ្សា

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា អ៉ីស្រាអែលបានបញ្ជូនត្រលប់មកវិញនូវសាកសពមនុស្សច្រើនជាង ៨០នាក់ ដែលស្លាប់ក្នុងប្រតិបត្តិការជើងគោករបស់ខ្លួននៅតំបន់ហ្កាហ្សា ខណៈការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល បណ្តាលឱ្យមនុស្ស ១៨នាក់ទៀតស្លាប់ កាលពីថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ ២០២៤។

នាយកសេវាសង្រ្គោះបន្ទាន់ស៉ីវិលប៉ាឡេស្ទីន នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា លោក Yamen Abu Suleiman និយាយថា វាមិនច្បាស់ទេថាតើសាកសពមនុស្សទាំងនោះ ត្រូវបានគាស់ចេញពីផ្នូរដោយទាហានអ៉ីស្រាអែល អំឡុងប្រតិបត្តិការជើងគោក ឬជាអ្នកជាប់ឃុំដែលត្រូវធ្វើទារុណកម្មហើយស្លាប់។

លោក Abu Suleiman បញ្ជាក់ថា «អ៉ីស្រាអែល​ផ្តល់ព័ត៌មានមកឱ្យយើង ដោយគ្មានការបញ្ជាក់ឈ្មោះ អាយុ ឬអ្វីទាំងអស់។ នេះជាឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ បើតាម លោក Abu Suleiman សាកសពទាំងអស់នឹងត្រូវធ្វើកោសល្យវិច័យ អំពីមូលហេតុនៃការស្លាប់ និងកំណត់អត្តសញ្ញាណពួកគេ មុនពេលយកទៅបញ្ចុះក្នុងផ្នូររួមដ៏ធំមួយនៅទីបញ្ចុះសព ក្បែរមន្ទីរពេទ្យ Nasser នៃទីក្រុង Khan Younis។ ដោយឡែក យោធាអ៉ីស្រាអែលនៅមិនទាន់មានការបញ្ជាក់ទេ ជុំវិញដំណឹងនេះ។

នៅឯភាគអាគ្នេយ៍នៃទីក្រុង Khan Younis អ្នកស្រុកនិយាយថា ការវាយប្រហារតាមផ្លូវអាកាស និងរថក្រោះរបស់អ៉ីស្រាអែល បន្តធ្វើការបាញ់ផ្លោងពេញមួយយប់ថ្ងៃចន្ទសប្តាហ៍នេះ រួមទាំងទៅលើទីតាំងដែលអ៉ីស្រាអែល បានបញ្ជារឱ្យជម្លៀសចេញផងដែរ ដោយសំអាងថា មានការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ ចេញពីទីនោះ។ ក្រុមគ្រូពេទ្យនិយាយថា ជនជាតិប៉ាឡេស្ទីន ៨នាក់បានស្លាប់នៅក្នុងរថយន្តរបស់ពួកគេនៅលើដងផ្លូវ ក្បែរទីក្រុង Khan Younis។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលហ្កាហ្សា ជនជាតិប៉ាឡេស្ទីនចំនួន ៣៩,៥៥០នាក់ត្រូវបានសម្លាប់ ក្នុងសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសនៅក្នុងតំបន់៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close