នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ បានប្រារព្វពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ៧ មករា (១៩៧៩-២០១៩) និងធ្វើការផ្សព្វផ្សាយលទ្ធផលរបស់មហាសន្និបាតគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤១ អាណត្តិទី៥ ដែលបានដំណើរការកាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨
ពិធីដ៏មានអត្ថន័យនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដោយឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវជាទីប្រឹក្សា ឯកឧត្តមប្រតិភូ ព្រមទាំងឯកឧត្តម លោកជំទាវជាប្រធាន អនុប្រធានាអង្គភាព និងមន្ត្រីរាជការដែលជាសមាជិក សមាជិកាគណ:កម្មាធិការថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាននៃគណបក្សប្រជាជនកម្ពុជាបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ប្រមាណជា ៦០៦ នាក់។
មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃអង្គពិធីទាំងមូលដែលបានលះបង់ពេលវេលាដ៏មានតម្លៃនាថ្ងៃឈប់សម្រាកអញ្ជើញមកចូលរួមក្នុងពិធីនេះ ដើម្បីត្រង់ត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់អំពីខ្លឹមសារ និងអត្ថន័យជាប្រវត្តិសាស្ត្រនៃខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជំនះ៧ មករា។ ឆ្លៀតយកឱកាសដ៏មានសារ:សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការផ្សព្វផ្សាយពីលទ្ធផលនៃសន្និបាតគណ:កម្មកាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាដែលមាន ១១ ចំណុចសំខាន់ៗ ព្រមជាមួយបញ្ហាប្រឈម ដំណោះស្រាយ ផែនការ និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិ និងជាពិសេសអនុសាសន៍សារគន្លឹះសំខាន់ៗរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត និងវាយតម្លៃខ្ពស់ចំពោះឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត និងទ្រព្យធនផ្ទាល់ខ្លួន ដើម្បីស្ថារ កសាង និងអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន ជាពិសេសនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងតាមបណ្តាស្រុកក្នុងខេត្តដទៃទៀត ដែលការលះបង់នេះហើយបានចូលរួមជួយគណបក្សប្រជាជនកម្ពុជាសម្រេចនិងទទួលបានលទ្ធផលយ៉ាងត្រចះត្រចងពីការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ កន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា ដើម្បីរក្សាភាពជោគជ័យរបស់គណបក្សឲ្យបានឋិតថេរគង់វង្ស លោកសូមឲ្យសមាជិក សមាជិកាបន្តចុះជួយដល់ប្រជាជននៅតាមមូលដ្ឋានដោយត្រូវពុះពារគ្រប់ឧបសគ្គ បង្កើនស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់អនុវត្តអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី គឺត្រូវចុះមូលដ្ឋានបម្រើប្រជាជនដោយស្មោះត្រង់ ពេញលេញ សកម្ម ទូលំទូលាយ ទាន់ពេលវេលា មានការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយភាពឆ្លាតវៃ ច្នៃប្រឌិត សមធម៌។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។