យន្ដហោះចម្បាំង ២គ្រឿង បុកគ្នាលើអាកាស ស្លាប់ពីឡុតបារាំង ២នាក់

ពីឡុតបារាំង ២នាក់ បានស្លាប់កាលពីថ្ងៃទី១៤ ខែសីហា បន្ទាប់ពីយន្ដហោះចម្បាំង Rafale របស់ពួកគេបានបុកគ្នានៅលើអាកាស នៅភាគខាងកើត ប្រទេសបារាំង។ នេះជាការបញ្ជាក់របស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក ម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «យើងបានទទួលដំណឹងយ៉ាងសោកសៅពីមរណភាពរបស់ កាពីទែន Sébastien Mabire និងអនុសេនីយ៍ Matthis Laurens នៅក្នុងឧបទ្ទវហេតុមួយនៅលើអាកាស អំឡុងបេសកកម្មហ្វឹកហាត់បញ្ជាយន្ដហោះចម្បាំង Rafale»។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sébastien Lecornu បានឱ្យដឹងថាពីឡុតម្នាក់នៅក្នុងហេតុការណ៍យន្ដហោះចម្បាំងបុកគ្នាខាងលើ ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យយន្ដហោះចម្បាំងទាំង២គ្រឿងបុកគ្នានៅឡើយទេ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close