មនុស្សស្លាប់ ៥០នាក់ និងបាត់ខ្លួន ១៥នាក់ ក្នុងករណីព្យុះភ្លៀង នៅភាគកណ្តាលប្រទេសចិន

គិតត្រឹមយប់ថ្ងៃចន្ទនេះ មនុស្ស៥០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង ១៥នាក់ផ្សេងទៀតនៅតែបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះទីហ្វុង បានវាយប្រហារទីក្រុង Zixing ខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន នេះបើយោងតាមអាជ្ញាធរក្នុងតំបន់ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ព្យុះភ្លៀងដែលបង្កឡើងដោយព្យុះទីហ្វុង Gaemi បានធ្វើឱ្យទីក្រុង Zixing រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីចុងខែកក្កដា ដោយបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។

គ្រោះធម្មជាតិនេះបានបំផ្លាញផ្ទះជាង ១,៧០០ គ្រួសារ និងបណ្តាលឱ្យមានការរអិលបាក់ដី និងការបាក់រលំជាង ៦៥,០០០ កន្លែងនៅក្នុងទីក្រុង Zixing ។

មន្ត្រីបាននិយាយថា មនុស្ស ២៣,៤១៩ នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅទូទាំងទីក្រុងដែលមានទីតាំងស្ថិតនៅក្នុងដីគោកមួយនេះ។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការកសាងឡើងវិញក្រោយគ្រោះមហន្តរាយកំពុងដំណើរការ៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close