ប្រព័ន្ធបង្ហូរទឹកបុរាណ ជាចម្លាក់រូបក្បាលមករ នៅទំនប់ ត្រូវបានជួសជុលឡើងវិញ
ប្រព័ន្ធបង្ហូរទឹកបុរាណ ដែលមានចម្លាក់រូបក្បាលមករ នៅទំនប់(ទឹកមុជ)ដែលជាទំនប់ទឹកបុរាណ ស្ថិតនៅជ្រុងនិរតីចម្ងាយប្រមាណ៣គីឡូម៉ែត្រពីប្រាសាទបេងមាលា ក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងរងការខូចខាតយ៉ាងខ្លាំង។
ក្រុមជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចាប់ផ្ដើមជួសជុលប្រព័ន្ធបង្ហូរទឹកនេះ ដើម្បីឱ្យមានភាពប្រសើរឡើងវិញ។
បុព្វបុរសខ្មែរសម័យមុន បានធ្វើចង្អូរបង្ហូរទឹកចម្លាក់មករនេះ សម្រាប់ប្រមូលទឹកពីតំបន់ភ្នំគូលែនបញ្ចេញមកក្រោមតាមទ រួចហើយឱ្យហូរចេញតាមមាត់សត្វមករធ្លាក់ចូលទៅក្នុងអូរថ្មដាប់ បន្តទៅបំពេញនៅកសិន្ធុប្រាសាទបេងមាលា និងបន្តហូរចាក់ចូលទៅអាងរក្សាទឹកធំមួយ នៅភាគខាងកើតរបស់ប្រាសាទបេងមាលា ដែលគេហៅថាវាលផ្ទី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។