មនុស្សស្លាប់ ១៣នាក់ និងរបួស ២នាក់ ដោយគ្រោះទឹកជំនន់ នៅខេត្ត North Maluku ប្រទេសឥណ្ឌូណេស៊ី
ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហាថាមនុស្ស១៣នាក់បានស្លាប់ និង២នាក់បានរងរបួស នៅក្នុងគ្រោះទឹកជំនន់ នៅក្នុងខេត្ត North Maluku។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ី BNPB គ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍ ក៏បានបណ្ដាលឱ្យផ្ទះ១០ខ្នងក្នុងទីក្រុង Ternate រងការខូចខាតផងដែរ។ BNPB ក៏បានព្រមានដែរថាភ្លៀងធ្លាក់ខ្លាំងអាចនឹងកើតឡើងជាថ្មី នៅប៉ុន្មានថ្ងៃខាងមុខនេះ និងប្រាប់ឱ្យប្រជាជនក្នុងតំបន់មានការប្រុងប្រយ័ត្ន ជានិច្ច។ «យើងជំរុញឱ្យប្រជាជនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច និងធ្វើតាមការណែនាំពីអាជ្ញាធរអំពីហានិភ័យនៃគ្រោះទឹកជំនន់»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យ BNPB នៅក្នុងសេចក្ដីថ្លែងការណ៍មួយ។
គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ គ្រោះទឹកជំនន់ និងរអិលបាក់ដី ក្នុងខេត្ត West Sumatra របស់ឥណ្ឌូណេស៊ី ក៏បានសម្លាប់ជីវិតមនុស្សជាង ៦០នាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។