ប្រជាជននីហ្សេរីយ៉ា ៤៩នាក់ បានស្លាប់ និងរាប់ពាន់នាក់ ចាកចេញពីលំនៅដ្ឋាន ដោយសារទឹកជំនន់

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NEMA) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរ បណ្តាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភាគឦសានប្រទេសនីហ្សេរីយ៉ា បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៤៩នាក់ និងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០២៤។

អ្នកនាំពាក្យរបស់ NEMA លោក Manzo Ezekiel បាននិយាយថា រដ្ឋចំនួនបីនៅភាគឦសាន រួមមាន Jigawa, Adamawa និង Taraba បានរងគ្រោះខ្លាំងជាងគេដោយសារទឹកជំនន់នេះ ដែលបានធ្វើឱ្យប្រជាជនចំនួន ៤១,៣៤៤ នាក់ត្រូវបានបង្ខំឱ្យចាកចេញពីទីលំនៅដ្ឋាន។

កាលពីឆ្នាំ ២០២២ នីហ្សេរីយ៉ាបានជួបប្រទះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលបានសម្លាប់មនុស្សជាង ៦០០នាក់ បណ្តេញមនុស្សប្រហែល ១.៤លាននាក់ចេញពីផ្ទះសម្បែង និងបំផ្លាញដីស្រែចំការចំនួន ៤៤០,០០០ ហិកតា។

លោក Ezekiel បានប្រាប់ Reuters ថា «យើងទើបតែចូលដល់រដូវវស្សា ជាពិសេសនៅភាគខាងជើងនៃប្រទេស ហើយស្ថានភាពគឺធ្ងន់ធ្ងរខ្លាំងណាស់»។

ទឹកជំនន់នេះ ក៏បានបំផ្លាញដីកសិកម្មប្រមាណ ៦៩៣ ហិកតាផងដែរ។ នីហ្សេរីយ៉ាកំពុងតែប្រយុទ្ធប្រឆាំងនឹងអតិផរណាខ្ពស់ ដែលត្រូវបានជំរុញដោយតម្លៃម្ហូបអាហារខ្ពស់។ ភ្លៀងធ្លាក់ខ្លាំងបានបន្ថែមបញ្ហានៅក្នុងវិស័យកសិកម្ម ជាកន្លែងដែលកសិករកំពុងបោះបង់ចោលកសិដ្ឋានរបស់ពួកគេនៅភាគឦសាន ដោយសារតែការវាយប្រហារជាបន្តបន្ទាប់ពីក្រុមសកម្មប្រយុទ្ធ។

រដ្ឋាភិបាលនៅក្នុងការព្យាករណ៍ទឹកជំនន់ប្រចាំឆ្នាំនេះ បាននិយាយថា ៣១ ក្នុងចំណោម ៣៦ រដ្ឋនៃប្រទេសនេះ ប្រឈមនឹងហានិភ័យនៃការជួបប្រទះ «ទឹកជំនន់ធ្ងនធ្ងរ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close