ព្រោះតែពាក្យថា “ស្តារអាងទឹក” ឈ្មួញ សេង មង្គល​ ឈូសឆាយព្រៃលិចទឹក​ រាប់សិបហិកតា ជីកយកអាចម៍ដីលក់ មួយថ្ងៃៗរាប់រយឡាន

(សៀមរាប) ៖ ព្រៃលិចទឹករាប់សិបហិកតា ស្ថិតនៅទំនប់៧៨ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប កំពុងតែត្រូវឈ្មួញ សេង មង្គល ឈូសឆាយជីកយកអាចម៍ដីលក់ មួយថ្ងៃៗរាប់រយឡាន​ ក្រោម​ពាក្យ ស្តារអាងទឹក ដោយអាជ្ញាធរ​ក្រុងនៅមិនទាន់ហ៊ានបញ្ជាក់ថា មាន​ច្បាប់ឬអត់នោះទេ។

តាមការបញ្ជាក់របស់ក្រុុមពលរដ្ឋដែលធ្វើស្រែជាប្រចាំនៅតំបន់នោះ ដីដែលឈ្មោះ សេង មង្គល កំពុងឈូសឆាយព្រៃ​ គឺជាឃ្លាំងស្តុកទឹកសម្រាប់ស្រោចស្រពស្រែប្រាំង។ ឃ្លាំងទឹកនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨មកម្ល៉េះ វាមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះដែរ។ ក្រៅពីផ្តល់ទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ ឃ្លាំងទឹកទំនប់​៧៨នេះ​ ក៏ជាជម្រកត្រីពងនិងកូន ព្រោះទីនេះហ៊ុំពទ្ធ័ដោយដើមឈើប្រភេទព្រៃ​លិចទឹក ដែលការពារដោយមន្ទីរជំនាញ​ និងពលរដ្ឋក្នុងតំបន់នេះ។

ប៉ុន្តែពេលនេះវាគួអោយសោកស្តាយជាទីបំផុត​ ព្រោះ​ថា ត្រឹមតែមួយប៉ព្រិចភ្នែក ព្រៃលិចទឹកដែលជាដែនជម្រកត្រីពងកូនក៏ត្រូវរលាយអស់ក្រោមថ្វីដៃបុគ្គលឈ្មោះ សេង​ មង្គល​។ ជននេះបានចូលមកជីកកាយហ៊ុំពទ្ធ័ធ្វើជាក្រវ៉ាត់ ហើយឈូសឆាយព្រៃ ជីកយកដីដឹកចេញយ៉ាងគគ្រឹកគគ្រេង​ ដោយមិនឃើញមានខាង​ណាមកហាម​ឃាត់ឡើយ។ នេះបើថ្នាក់ខេត្ត​ និងមន្ទីរជំ​នាញមិនហាមឃាត់ ហើយនៅតែបណ្តោយអោយបុគ្គលសេង មង្គល​ បន្តបំផ្លាញធនធានធម្មជាតិបែប​នេះ​ ខ្លាចក្រែងតែថ្ងៃអនាគត​ ក្នុងសង្កាត់ស្រង៉ែសល់តែវាលរហោឋាន។ ផ្ទុយទៅវិញបើនាំគ្នាដាំកូនឈើព្រៃ​លិចទឹកបន្ថែមបែបអភិរក្ស តើវាខុសគ្នាពីការឈូសបំផ្លាញឬយ៉ាងណា..?

លោក​ ​ហាយ​ យង់​ អភិបាលរងក្រុងសៀមរាប បានអោយដឹងតាមតេឡេក្រាមថា ការដ្ឋានជីកស្តារនេះ ឯកសារបានឆ្លងកាត់ក្រុងហើយ តែថាខេត្តចេញលិខិតអនុញាតិឬអត់​ លោកក៏មិនបានដឹងដែរ។ កន្លងមក​ ក្រោយមានការចុះផ្សាយព័ត៍មានមន្ទីរពាក់ពន្ធ័បានចុះពិនិត្យនិងបិទការដ្ឋានម្តងហើយ។

យ៉ាងណាក៏ដោយក្រុមពលរដ្ឋក៏ដូចជាមហាជនក្នុងខេត្តសៀមរាប​ ទទូចសុំអោយមានការទប់ស្កាត់ ហើយ រក្សាព្រៃលិចទឹកខាងលើនេះ​ កុំព្រោះតែប្រយោជន៍តិចតួច ឃុបឃិតបំផ្លាញសម្បត្តិដូនតាខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close