សាលារៀនជាច្រើនត្រូវបិទទ្វារ ដោយសារព្យុះ Super Typhoon Yagi នៅភាគខាងត្បូងប្រទេសចិន
ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយឥទ្ធិពលព្យុះ Super Typhoon Yagi បានវាយប្រហារលើភាគខាងត្បូងប្រទេសចិន នៅថ្ងៃសុក្រ ទី៦ ខែកញ្ញានេះ ខណៈការបិទសាលារៀនចូលដល់ថ្ងៃទី២ រីឯជើងហោះហើរជាច្រើនត្រូវបានលុបចោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជាមួយកម្លាំងខ្យល់បក់ ២៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Super Typhoon Yagi ត្រូវបានចាត់ទុកថាជាព្យុះមានឥទ្ធិពលខ្លាំងលំដាប់ទី២ មកទល់នឹងពេលនេះក្នុងឆ្នាំ២០២៤ បន្ទាប់ពីព្យុះ hurricane Beryl។ Yagi ដែលទើបតែវាយប្រហារលើហ្វីលីពីនកាលពីសប្ដាហ៍មុនផងនោះ ត្រូវបានរំពឹងថានឹងបក់បោកដល់ដីគោកនៅតាមបណ្ដោយឆ្នេររបស់ចិន ចាប់ពីតំបន់ Wenchang នៅលើកោះ Hainan រហូតដល់តំបន់ Leizhou នៃខេត្ត Guangdong នៅរសៀលថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា អាជ្ញាធរចិន កាលពីថ្ងៃព្រហស្បតិ៍ បានដំឡើងការប្រកាសអាសន្នពីហានិភ័យគ្រោះទឹកជំនន់ នៅកោះHainan និងខេត្ត Guangdong ដល់កម្រិតទី៣ ស្របពេល អាជ្ញាធរគ្រប់គ្រងមហន្តរាយចិនបាននិយាយថាព្យុះ Yagi នឹងក្លាយជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត ដែលនឹងវាយប្រហារឆ្នេរភាគខាងត្បូងប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៤ មក ដែលនឹងបង្កជាគ្រោះទឹកជំនន់ និងបង្កការលំបាកដល់កិច្ចប្រឹងប្រែងរបស់អាជ្ញាធរ៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។