ក្រសួងអប់រំ ច្រានចោលការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការកាត់បៀវត្សគ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន

ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលការបំភ្លៃរបស់អតីតទណ្ឌិត អ៊ុំ សំអាន និងក្រុមជនអគតិមួយចំនួន ដែលថាគ្រូបង្រៀនទាំងអស់តម្រូវឱ្យកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន។

ការចេញសេចក្ដីថ្លែងការណ៍របស់ក្រសួងអប់រំនេះ ដោយសារថ្មីៗនេះ ក្រុមជនអគតិបានបំផុសបំផុល និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន ដោយកាត់យកតែម្តង និងដោយមិនបានសួរយោបល់ពីគ្រូបង្រៀន។

ជុំវិញការបំភ្លៃព័ត៌មាននេះ ក្រសួងអប់រំ យុវជន និងកីឡាក៏បានបដិសេធទាំងស្រុង និងថ្កោលទោសចំពោះសកម្មភាពបំផុសបំផុល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចរិតជាសកម្មភាពញុះញង់ក្នុងរូបភាពអាក្រក់ និងមើលស្រាលដល់ស្មារតីមហាសាមគ្គីជាតិខ្មែរ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបរិច្ចាគវិភាគទានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិកម្ពុជារបស់យើង។

ជាការបញ្ជាក់បន្ថែម ក្រសួងអប់រំ យុវជន និងកីឡាមិនធ្លាប់ចេញសេចក្តីណែនាំ ឬបង្ខិតបង្ខំណាមួយឱ្យបុគ្គលិកអប់រំកាត់បៀវត្ស ដើម្បីចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះឡើយ។

ក្រសួងសុំផ្ញើសារទៅជនលីលានោះឱ្យបានជ្រាបថា បៀវត្សរបស់បុគ្គលិកអប់រំមិនអាចកាត់ដោយគ្មានការយល់ព្រមពីសាមីខ្លួនបានឡើយ ព្រោះបៀវត្សត្រូវផ្ទេរពីគណនីរបស់រតនាគារចូលទៅក្នុងគណនីជាបុគ្គលរបស់បុគ្គលិកអប់រំតែម្តង។

ជាមួយគ្នានោះ ក្រសួងអប់រំបានប្រកាសថ្កោលទោសចំពោះជនអគតិទាំងឡាយណាដែលបានបង្កើតព័ត៌មានញុះញង់ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព្រមទាំងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអគតិទាំងនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close