ព្យុះទី១ ប្រចាំឆ្នាំ២០១៩នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ពីថ្ងៃទី២ ដល់ថ្ងៃទី៤ មករា ក្រសួងស្នើអ្នកធ្វើដំណើរតាមសមុទ្រប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយថា បចុប្បន្ននេះ នៅក្នុងសមុទ្រចិនខាងត្បូង មានកើតនូវព្យុះឈ្មោះ PABUK ហើយព្យុះនេះនឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុង រួចបន្តដំណើរទៅកាន់ភាគខាងត្បូងនៃប្រទេសថៃ។
ព្យុះនេះ នឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០២-០៣ ខែមករា ត្រជាក់បន្តកើតមាននៅតែបណ្តាខេត្តជាប់ជួរភ្នំក្រវាញ ខេត្តភាគឦសាន និងខេត្តប៉ៃលិនប៉ុណ្ណោះ (ត្រជាក់តែពេលយប់ និងពេលព្រឹកព្រលឹម)។
ចាប់ពីថ្ងៃទី០៣-០៤ ខែមករា ផ្នែកខ្លះនៃរាជធានី-ខេត្តប៉ែកខាងក្រោម រួមនឹងខេត្តកែប កំពត និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម។
ជាមួយគ្នានេះ ក្រសួងបានស្នើដល់បងប្អូនប្រជានេសាទ អ្នកដំណើរតាមសមុទ្រ ជាពិសេសវីរកងទ័ពដែលឈរជើងនៅតាមបណ្តាកោះនានា សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឲ្យកើតមានភ្លៀងលាយឡំជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី០៣-០៤ ខែមករា ឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។