គ្រោះទឹកជំនន់ក្នុងប្រទេសមីយ៉ាន់ម៉ា ចំនួនអ្នកស្លាប់កើន ១១៣នាក់
គិតត្រឹមថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា តួលេខអ្នកបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបន្តកើនដល់យ៉ាងហោច ១១៣នាក់ ក្រោយការជះឥទ្ធិពលយ៉ាងខ្លាំងក្លា នៃព្យុះទីហ្វុង Yagi នៅតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា ទន្ទឹមគ្នាេះ មនុស្សយ៉ាងហោចកើនដល់ ៣២០,០០០នាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ខណៈ៦៤នាក់បន្តបាត់ខ្លួន។ បើតាមអង្គការសហប្រជាជាតិ គ្រោះទឹកជំនន់បានបង្កការប៉ះពាល់ជាចម្បង នៅរដ្ឋធានីណៃពិដោ ព្រមទាំងតំបន់ Mandalay, Magway និង Bango រួមជាមួយរដ្ឋ Shan, Mon, Kayah និង Kayin។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ទំនប់ទឹក៥កន្លែង វត្តអារាម៤កន្លែង និងលំនៅដ្ឋានច្រើនជាង៦៥,០០០នាក់ ត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រោះទឹកជំនន់។ គ្រោះធម្មជាតិនេះ ជាការបន្ថែមទុក្ខវេទនាលើភាពវឹកវរ ដែលប្រទេសអាស៊ានមួយនេះ បានធ្លាក់ទៅក្នុង ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១។ អង្គការសហប្រជាជាតិ បានអះអាងថា ប្រហែល១ភាគ៣ នៃប្រជាជនមីយ៉ាន់ម៉ាសរុប ៥៥លាននាក់ ត្រូវការជំនួយមនុស្សធម៌។
គួរបញ្ជាក់ថា ស្ថានភាពអាកាសធាតុអាក្រក់ បង្កឡើងដោយសារព្យុះទីហ្វុង Yagi ដែលជាព្យុះសាហាវបំផុតនៅអាស៉ី ក្នុងឆ្នាំនេះ បានសម្លាប់មនុស្សសរុបរាប់រយនាក់ នៅក្នុងប្រទេសវៀតណាមនិងថៃ ដោយវៀតណាមរងគ្រោះខ្លាំងជាងគេបង្អស់ ហើយទីក្រុងជាច្រើន នៅក្នុងប្រទេសទាំងពីរ បានទទួលរងការជន់លិចយ៉ាងធ្ងន់ធ្ងរ។ គ្រោះទឹកជំនន់នៅមីយ៉ាន់ម៉ា បានចាប់ផ្តើមកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅ បន្ទាប់ពីព្យុះ Yagi បានទៅដល់ភាគខាងជើងវៀតណាម នៅចុងសប្តាហ៍មុននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។