អ្នកស្លាប់ដោយគ្រោះទឹកជំនន់ កើនឡើងដល់ ២២៦នាក់ និងបាត់ខ្លួន ៧៧នាក់ នៅមីយ៉ាន់ម៉ា

ចំនួនអ្នកស្លាប់ដោយសារតែទឹកជំនន់ដ៏ធំ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីព្យុះទីហ្វុង Yagi បានកើនឡើងដល់ចំនួន ២២៦នាក់ហើយ ខណៈអង្គការសហប្រជាជាតិ (UN) បានព្រមានថា មនុស្សច្រើនជាង ៦០០,០០០នាក់ អាចត្រូវការជំនួយសង្រ្គោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤។

ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា បានបញ្ជាក់ពីអ្នកស្លាប់ចំនួន ២២៦នាក់ គិតត្រឹមល្ងាចថ្ងៃចន្ទសប្តាហ៍នេះ ខណៈមនុស្សចំនួន ៧៧នាក់បាត់ខ្លូន។ ផ្ទៃដីដាំដុះស្រូវជិត ២៦០,០០០ហិកតា និងដំណាំផ្សេងទៀតត្រូវបានបំផ្លាញ ដោយទឹកជំនន់។ ការិយាល័យអង្គកាសហប្រជាជាតិទទួលបន្ទុក សម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បានប៉ាន់ស្មានថា មនុស្សប្រហែល ៦៣១,០០០នាក់កំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ទូទាំងប្រទេសមីយ៉ាន់ម៉ា។ UNOCHA បានឱ្យដឹងបន្ថែមថា ស្បៀងអាហារ ទឹកសម្រាប់បរិភោគ ទីជម្រក និងសំលៀកបំពាក់ សុទ្ធតែជាតម្រូវការបន្ទាន់ ហើយបញ្ហា​ខ្សែ​បណ្តាញ​ទំនាក់ទំនង​ ដែលខូចខាតឬត្រូវកាត់ផ្តាច់ ​និង​ស្ពាន​ដែល​រង​ការ​ខូច​ខាត ​សុទ្ធ​តែ​ជា​ក្តី​រំខាន​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ។

គួរបញ្ជាក់ថា សម្រាប់តំបន់អាស៊ាន ព្យុះ Yagi បានបោកបក់ពាសពេញភាគខាងជើងនៃប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា ក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ ជាមួយនិងខ្យល់បក់ខ្លាំង បរិមាណទឹកភ្លៀងដ៏សម្បើម ដែលបង្កឱ្យមានទឹកជំនន់ ការរអិលបាក់ដី ផ្តាច់ជីវិតមនុស្សជាង ៥០០នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close