គ្រោះទឹកជំនន់នៅមីយ៉ាន់ម៉ា មនុស្សស្លាប់កើនដល់ ២៩៣នាក់ និង៨៩នាក់បាត់ខ្លួន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ បង្កឡើងដោយព្យុះសង្ឃរា Yagi បានកើនដល់ ២៩៣នាក់ និង៨៩នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ព្យុះ Yagi បានវាយប្រហារលើតំបន់ភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា កាលពីជាងមួយសប្ដាហ៍មុន ដោយបង្កឱ្យមានគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបានផ្ដាច់ជីវិតមនុស្ស ៦១៣នាក់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ នៅមីយ៉ាន់ម៉ា មានមនុស្សស្លាប់ ២៩៣នាក់ និង៨៩នាក់បាត់ខ្លួន គិតត្រឹមថ្ងៃព្រហស្បតិ៍ ខណៈផ្ទៃដីដាំដុះ ជិត ២៧០ ០០០ហិកតាបានលិចលង់ និងសត្វនៅតាមកសិដ្ឋានជាង ១០០ ០០០ក្បាលបានងាប់។
គួរបញ្ជាក់ថា នៅមីយ៉ាន់ម៉ា អង្គការសហប្រជាជាតិបានព្រមានថា មនុស្សប្រហែល ៦៣០ ០០០នាក់ អាចកំពុងត្រូវការជំនួយ ហើយកាលពីសប្ដាហ៍មុន របបសឹកមីយ៉ាន់ម៉ា បានស្នើសុំយ៉ាងកម្រឱ្យអន្តរជាតិផ្ដល់ជំនួយមនុស្សធម៌។ កាលពីថ្ងៃពុធសប្ដាហ៍នេះ នាវាមួយគ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌា បានដឹកនាំជំនួយសម្រាប់មីយ៉ាន់ម៉ា ក្នុងនោះរួមមានអាហារក្រៀម សម្លៀកបំពាក់ ថ្នាំពេទ្យ និងតង់ជាដើម នៅឯកំពង់ផែ Thilawa ក្នុងទីក្រុង Yangon៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។