ទេសចរយ៉ាងច្រើនកុះករស្កាត់មកពីទីជិតឆ្ងាយ ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានស្កាត់មកពីទីជិតឆ្ងាយ រួតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យ គឺថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្ត នាពេលព្រឹកផង។

ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាប បានថេរដីកាថា នេះទើបតែជាលើកទីពីរប៉ុណ្ណោះដែលព្រះអង្គបាននិមន្តមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះអាកាសធាតុមិនអំណោយផលល្អ តែនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទដទៃក្នុងតំបន់រមណីយដ្ឋានអង្គរ។

ចំណែកលោកយាយ ម៉ម វាត់ អាយុ៧៧ឆ្នាំ ភ្ញៀវទេសចរ រស់នៅក្នុងខេត្តពោធិសាត់ បានឱ្យដឹងថា នេះជាលើកទី៥ហើយ ដែលលោកយាយបានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ព្រមទាំងបាននាំបងប្អូនញាតិមិត្តមកទស្សនាថែមទៀត។ លោកយាយថា បើទោះបីឃើញថា អាកាសធាតុមិនអំណោយផលល្អ តែលោកយាយនៅតែចង់មកទស្សនាប្រាសាទអង្គរវត្ត ព្រោះតែកោតសសើរស្នាដៃបុព្វបុរសខ្មែរ ដែលលោកបានកសាងអង្គរវត្ត និងប្រាសាទបុរាណជាច្រើនលើទឹកដីនៃខេត្តសៀមរាប។

សូមជម្រាបថា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបជិត ៤ម៉ឺននាក់ បានចូលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close