បង្ក្រាបទីតាំងល្បែងអនឡាញ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេស៨នាក់
បន្ទាយមានជ័យ ៖ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ នៅថ្ងៃទី២ មករា នេះ បានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និង កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ចុះទៅបង្ក្រាបទីតាំងបើកល្បែងអនឡាញ ២ កន្លែង ក្នុងបុរី GOOD LUCK ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃនិងជនជាតិឥណ្ឌូនេស៊ីប្រុសស្រី៨នាក់ និង ដកហូតសម្ភារៈមួយចំនួន បំរើឱ្យការប្រព្រឹត្តល្បែងអនឡាញខុសច្បាប់។
ការចុះបង្រ្កាបនេះ គឺគ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា នៅតំបន់ក្រុងប៉ោយប៉ែតមានជនបរទេសមកស្នាក់នៅជួលអគារបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធ័រណិតអនឡាញ និងបានជួលទីតាំងអគារ ប្រើប្រាស់ជួញដូរគ្រឿងញៀននោះផងទៀត។
សូមបញ្ជាក់ថា កាលពីក្នុងកិច្ចប្រជុំរវាងនគរបាលយុត្តិធម៌ និងតុលាការ ខេត្តបន្ទាយមានជ័យ កាលពីកន្លងទៅថ្មីៗនេះ លោក ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានលើកឡើងនិង ដាក់ផែនការជម្រុញ ឱ្យសមត្ថកិច្ច បង្ការទប់ស្កាត់ បង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ក្នុងការដោះស្រាយបញ្ហាអសន្តិសុខ នៅក្រុងប៉ោយប៉ែត និងតាមបណ្តាស្រុក ក្រុងនានាក្នុងខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។