អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋ ជ្រុងឦសាននៃប្រាសាទភ្នំក្រោម ចុងឆ្នាំ២០២៤
រយៈពេលជាង៥ខែមកហើយ ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោម ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។
លោក រស់ វិសុទ្ធ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទភ្នំក្រោម បានលើកឡើងថា ដំណើរការងារដំបូង ក្រុមការងារបានធ្វើសម្រង់ប្លង់ រៀបចំឯកសារ ជួសជុលពង្រឹងគ្រឹះជុំវិញ ជួសជុលពង្រឹងទីតាំងដែលឥដ្ឋពុកផុយរលុះ មានសសរផ្អោប ជញ្ជាំង ជើងខឿន ក្បាលជញ្ជាំង។ ជាពិសេសជ្រុងពាយ័ព្យដែលមានស្ថានភាពរលុះឥដ្ឋធ្ងន់ធ្ងរ ត្រូវបានជួសជុលពង្រឹងបានរឹងមាំឡើងវិញ។ បច្ចុប្បន្នក្រុមការងារបានបន្តជួសជុលនៅផ្នែកកំពូលដំពូលខាងលើនៃតួប្រាសាទ ដែលសម្រេចបាន៩០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។
អ្នកជំនាញរូបនេះ បញ្ជាក់ថា ប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោមនេះ បើមើលពីខាងក្រៅ ឃើញថាមានការខូចខាតតិចតួច។ ប៉ុន្តែបើការសិក្សាស៊ីជម្រៅ ប្រាសាទនេះ មានការខូចខាតធ្ងន់ធ្ងរប្រឈមនឹងការរលំនៅជ្រុងពាយ័ព្យ និងផ្នែកដំបូល។ ការជួសជុល បានសង្គ្រោះប្រាសាទនេះឱ្យរួចផុតពីហានិភ័យ ទប់ស្កាត់ការខូចខាតបានទាន់ពេលវេលា ហើយបច្ចុប្បន្នប្រាង្គ មានភាពរឹងមាំឡើងវិញ និងរក្សាបានទម្រង់ដើមស្ទើរតែទាំងស្រុង ដោយក្រុមការងារបានខិតខំធ្វើយ៉ាងណាបំពេញការងារបានទាន់ពេលវេលា មានភាពរឹងមាំ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បន្តអាយុកាលយូរអង្វែងដល់កូនខ្មែរជំនាន់ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។