កម្ពុជា-តួកគី ជំរុញឱ្យមានជើងហោះហើរត្រង់ឆាប់ៗ បន្តពង្រឹងវិស័យទេសចរណ៍

កម្ពុជា-តួកគីបានបញ្ជាក់ពីការកំពុងជំរុញឱ្យមានជើងហោះហើរត្រង់ នាពេលឆាប់ៗខាងមុខ ពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី អ៉ឺលឃឺ កូចាអេហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ទេ្វភាគី ក្រោមស្មារតីនៃអនុស្សរណៈយោគយល់គ្នាដែលបានចុះកន្លងមក និងពង្រឹងកិច្ចសហការទេសចរណ៍បន្ថែមទៀត សម្រាប់ត្រៀមឲ្យបានរួចជាស្រេចនូវវត្តមានជើងហោះហើរត្រង់រវាងកម្ពុជានិងតួកគី នាពេលខាងមុខឆាប់ៗនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា-តួកគីឱ្យបានកាន់តែប្រសើរថែមទៀតនោះ ក្រសួងទេសចរណ៍សូមស្នើដល់ភាគីគួកគីក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌និងទេសចរណ៍តួកគី ដើម្បីពិនិត្យលទ្ធភាពរៀបចំទស្សនកិច្ចផ្លូវការទៅប្រទេសតួកគី ក្នុងគោលដៅសិក្សារៀនសូត្រ ដកស្រង់ និងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកសម្រាប់ជំរុញវិស័យទេសចរណ៍ ក៏ដូចជាការរៀបចំសន្និសីទផ្សព្វផ្សាយ និងពិពរណ៍ទេសចរណ៍។

ឯកឧត្តម ហួត ហាក់ បានស្នើភាគីតួកគីជួយជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឱ្យបានឆាប់ ជាពិសេសការហោះហើរទៅកាន់តំបន់សក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នាឱ្យបានទូលំទូលាយ ព្រមទាំងបន្តជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ជូនប្រជាពលរដ្ឋតួកគីឱ្យបានកាន់តែទូលំទូលាយ ដើម្បីអញ្ជើញប្រជាពលរដ្ឋតួកគីមកទស្សនាកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានស្នើឱ្យលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ជួយផ្សព្វផ្សាយពីសភាពការណ៍ពិតនៅកម្ពុជា អំពីកត្តាសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ ជាពិសេសការផ្តល់ការបណ្តុះបណ្តាល និងព័ត៌មានពីអាហារូបករណ៍របស់រដ្ឋាភិបាលតួកគីមកក្រសួងទេសចរណ៍ផ្ទាល់ ដើម្បីកសាងនិងពង្រឹងសមត្ថភាពមន្ត្រីលើវិស័យទេសចរណ៍បន្ថែម រួមទាំងជំនាញទន់ និងព័ត៌មានវិទ្យា ជាពិសេសជួយផ្តល់ព័ត៌មានផ្ទាល់មកក្រសួងទេសចរណ៍ពីអាហារូបករណ៍រដ្ឋាភិបាលតួកគី ដើម្បីជាឱកាសដល់មន្ត្រីរាជការក្រសួងបន្តការសិក្សាបន្ថែម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close