Apple បោះទុន ១ពាន់លានដុល្លារ ដោះស្រាយការហាមឃាត់ iPhone 16 នៅឥណ្ឌូនេស៊ី
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា គ្រោងវិនិយោគប្រមាណ ១ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាវិធានការដ៏សំខាន់មួយក្នុងគោលបំណងដោះស្រាយការហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសនេះ។ ដំណឹងនេះ កើតឡើងបន្ទាប់ពី Apple បានស្នើសុំការវិនិយោគមុនចំនួន ១០០លានដុល្លារ និង ១០លានដុល្លារ ដែលត្រូវបានធ្វើឡើងកាលពីខែមុន បន្ទាប់ពីការប្តេជ្ញាចិត្តដំបូងចំនួន ១០៩ លានដុល្លារសម្រាប់កន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងស្រុក។ នេះបើយោងតាមការប្រកាសដោយ រដ្ឋមន្ត្រីវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីលោក Rosan Roeslani និងត្រូវបានចុះផ្សាយដោយ GSMArena នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។
លោក Roeslani ក៏បានបន្ថែមថា លោករំពឹងថា Apple នឹងប្រកាសជាផ្លូវការនូវការប្តេជ្ញាចិត្តក្នុងការវិនិយោគរបស់ខ្លួននៅសប្តាហ៍ក្រោយ។ ដំណឹងនេះ បង្ហាញពីដំណោះស្រាយដ៏មានសក្តានុពលចំពោះ iPhone 16 និង Watch 10 ដែលកំពុងបន្តរបស់ Apple នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលផលិតផលពីក្រុមហ៊ុនយក្សអាមេរិកនេះ ត្រូវបានហាមឃាត់ដោយសារមិនអនុលោមតាមច្បាប់ក្នុងស្រុក។
យោងតាមច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី តម្រូវឱ្យក្រុមហ៊ុនបរទេសផ្តល់មាតិកាក្នុងស្រុកយ៉ាងហោចណាស់ ៤០ភាគរយដើម្បីដំណើរការ ដែលជាផ្នែកមួយនៃការបញ្ជាក់កម្រិតសមាសធាតុក្នុងស្រុក (TKDN)។ ក្រុមហ៊ុនអាចបំពេញតម្រូវការទាំងនោះ ដោយការផលិតផលិតផលក្នុងស្រុក អភិវឌ្ឍកម្មវិធីក្នុងស្រុក ឬបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ជាដើម។
គួរជម្រាបថា ឥណ្ឌូនេស៊ី គឺជាសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ ហើយតាមរយៈការទៅវិនិយោគរបស់ Apple លើកនេះត្រូវបានគេឱ្យដឹងថា កើនឡើងប្រមាណ ១០ដងឯណោះនៃការស្នើសុំការវិនិយោគពីមុន៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។