ផ្លូវជាតិលេខ៣១ សម្រេច ១០០%ហើយ ដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន មុននឹងទទួលយកជាស្ថាពរ
ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) មានសម្រស់ស្រស់ស្អាត អមដោយស្រែស្រូវចម្ការប្រជាពលរដ្ឋ និងរុក្ខជាតិបៃតងត្រជាក់ភ្នែក មានប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីបែកគុសចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣។
ផ្លូវជាតិមួយខ្សែនេះ នឹងផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ ដែលនឹងប្រែក្លាយតំបន់ឆ្នេរឱ្យក្លាយទៅជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើ រនិងប្រទាក់ក្រឡាគ្នា ដើម្បីរួមចំណែកនៅក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
សូមបញ្ជាក់ជូនថា គិតត្រឹមចុងខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ លទ្ធផលការងារបានសម្រេច ១០០% ហើយ ដោយមានការវាយតម្លៃយល់ព្រមទទួលយក និងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាពមុននឹងទទួលយកជាស្ថាពរ ស្របពេលដែលរដ្ឋបាលខេត្តកំពត ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ”អបអរសាទរ បេតិកភណ្ឌនិងចីរភាព នៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណឆ្នេរ ចន្លោះស្ពានឥន្ទធនូ និងស្ពានថ្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។