អ្នកដឹកឈើប្រើកាំភ្លើងច្នៃលបបាញ់អ្នកកាសែតម្នាក់នៅស្រុកជីក្រែងស្លាប់
អ្នកកាសែតម្នាក់បម្រើការងារនៅអង្គភាពកម្ពុជាអភិវឌ្ឍន៍ ត្រូវបានជនសង្ស័យដែលជាអ្នកដឹកឈើ ប្រើប្រាស់កាំភ្លើងច្នៃលបបាញ់ បណ្តាលឱ្យស្លាប់ក្រោយពីសង្រ្គោះនៅមន្ទីរពេទ្យរយៈពេល២ថ្ងៃ។ ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ហើយជនរងគ្រោះបានស្លាប់កាលពីទៀបភ្លឺថ្ងៃទី៧ ខែធ្នូ នេះ ក្រោយសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបអស់រយៈពេល២ថ្ងៃ។
បើតាមសេចក្តីរាយការណ៍ អ្នកកាសែតដែលបានស្លាប់នោះមានឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន កម្ពុជាអភិវឌ្ឍន៍ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនសង្ស័យមានឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង។
នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ជនសង្ស័យបានលបលួចបាញ់ជនរងគ្រោះចំនួនមួយគ្រាប់ដោយប្រើប្រាស់អាវុធ(កាំភ្លើង) កែច្នៃនៅចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង។ ក្រោយកើតហេតុ ពោលគឺនៅថ្ងៃទី៥ ខែធ្នូ សមត្ថកិច្ចបានទៅឃាត់ខ្លួនជនសង្ស័យ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ី លឿយ បានឆ្លើយសារភាពថា: រូបខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែន គឺជាទំនាស់បុគ្គល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។