ក្រុមហ៊ុន Boeing ចាប់ផ្តើមផលិតយន្តហោះ 737MAX ឡើងវិញ
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing បានចាប់ផ្តើមបន្តការផលិតយន្តហោះ 737 MAX នៅទីក្រុង Renton ឡើងវិញ ក្រោយផ្ទុះបាតុកម្មដ៏ធំនាំឲ្យរោងចក្រនៅតំបន់ Puget Sound ត្រូវទុកចោលពីខែកញ្ញាដល់ពាក់កណ្តាលខែវិច្ឆិកា។
ក្រុមហ៊ុនផលិតយន្តហោះអាមេរិកនេះ បានរំពឹងថា នឹងបន្តការផលិតយន្តហោះ Boeing 767, Boeing 777 និង Boeing 777X នៅតំបន់ Everett របស់សហរដ្ឋអាមេរិកនៅប៉ុន្មានថ្ងៃខាងមុខនេះ។
អ្នកនាំពាក្យក្រុមហ៊ុន Boeing បាននិយាយថា មួយខែមុនពេលផ្ទុះកូដកម្មទ្រង់ទ្រាយធំ ក្រុមហ៊ុន Boeing ផលិតយន្តហោះប្រភេទ 767 ចំនួន៣គ្រឿងក្នុងមួយខែ ហើយប្រភេទ 777 និង777X ចំនួន៤គ្រឿងក្នុងមួយខែនៅក្នុងតំបន់ Everett កាលពីខែសីហា។
ក្រុមហ៊ុន Boeing បាននិយាយថា នៅពេលដែលខ្លួនងើបឡើងវិញពីកូដកម្ម Boeing បានចែកចាយយន្តហោះចំនួន១៣គ្រឿងនៅក្នុងខែវិច្ឆិកា។ តួលេខនេះជាការធ្លាក់ចុះខ្លាំង បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ដែលនៅពេលនោះ ក្រុមហ៊ុនបានចែកចាយយន្តហោះពាណិជ្ជកម្មចំនួន៥៦គ្រឿង។
ទោះបីជាយ៉ាងណា ក្រុមហ៊ុន Boeing បានអះអាងថា ខ្លួនកំពុងធ្វើការដើម្បីត្រឡប់ទៅរកអត្រាផលិតកម្ម ដូចកាលពីនៅមុនពេលផ្ទុះកូដកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។