ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យធ្វើដំណើរបណ្តោះអាសន្ន នៅអំឡុងខែកញ្ញា ឆ្នាំក្រោយ
គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។
គម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥ គីឡូម៉ែត្រ ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១ ៧៦១ម៉ែត្រ មានមុខកាត់ទទឹង ១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែង៤ខ្សែក្នុងក្រុងក្រចេះប្រវែង ១៦,២០ គីឡូម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។