កម្ពុជា កំពុងពង្រឹងផែនការអភិរក្ស និងស្តារសត្វក្តាន់ ដែលរងគ្រោះថ្នាក់ជិតផុតពូជ នៅលើពិភពលោក

បច្ចុប្បន្ននេះ ប្រភេទសត្វក្តាន់នេះត្រូវបានចាត់ទុកជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ នៅក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិសម្រាប់ការពារធម្មជាតិIUCN។ សត្វក្តាន់មានវត្តមាននៅក្នុងប្រទេសកម្ពុជាប្រមាណ១០០ក្បាល នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃខេត្តក្រចេះ និងនៅតាមតំបន់ការពារធម្មជាតិ មួយចំនួនទៀតមាននៅក្នុងភូមិសាស្រ្តខេត្តកោះកុង។

ដើម្បីពង្រឹងការគ្រប់គ្រង និងស្តារប្រភេទសត្វក្តាន់ តំណាងសហគមន៍តំបន់ការពារធម្មជាតិ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធនានា បានជួបពិភាក្សាគ្នា លើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ពង្រឹងការអភិរក្ស និងស្តារសត្វក្តាន់ឆ្នាំ ឆ្នាំ ២០២៥-២០៣៥ នៅក្នុងប្រទេសកម្ពុជា» នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានលើកឡើងថា ការរៀបចំផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់នេះ គឺស្របទៅនឹងគោលដៅរបស់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដែលជាផែនការយុទ្ធសាស្ត្ររយៈពេលវែងក្នុងការការពារប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ និងជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជា និងពិភពលោក។

មន្រ្តីជាន់ខ្ពស់របស់ក្រសួងបរិស្ថាន បានឱ្យដឹងដែរថា ផែនការការសកម្មភាពនេះក៏ស្របទៅនឹងផែនការយុទ្ធសាស្រ្តជាតិសម្រាប់ជីវៈចម្រុះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តការការពារធនធានជីវៈចម្រុះ ដូចជា ប្រភេទសត្វក្តាន់ និងទីជម្រករបស់វាមិនឱ្យបាត់បង់។ ជាពិសេសការរៀបចំនៃកម្មវិធីស្តារឡើងវិញ គឺជួយធានាបាននូវការរក្សាសេនេទិច ប្រភេទនេះបានគង់វង្សយូរអង្វែង។

សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ ២០២៥-២០៣៥ នៅក្នុងប្រទេសកម្ពុជា» បានប្រព្រឹត្តទៅ ដោយក្រសួងបរិស្ថាន សហការជាមួយអង្គការWWF-កម្ពុជា និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន តំណាងគណៈអភិបាលខេត្តក្រចេះ តំណាងនាយកដ្ឋានចំណុះនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តក្រចេះ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង តំណាងសហគមន៍មូលដ្ឋាន និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close