រូបសំណាក Cristiano Ronaldo បង្ហាញរូបរាងនៅសហរដ្ឋអាមេរិក
ជាងចម្លាក់ដ៏ល្បីម្នាក់បានតាំងបង្ហាញរូបសំណាក Cristiano Ronaldo មានកម្ពស់ ៤ម៉ែត្រ នៅទីលាន Times Square នៃទីក្រុងញូយ៉ក កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីជាការផ្តល់កិត្តិយសដល់កំពូលកីឡាករបាល់ទាត់ព័រទុយហ្កាល់រូបនេះ ក្នុងថ្ងៃកំណើតឈានចូលវ័យ ៤០ឆ្នាំ ដោយមានការប្រមូលផ្តុំអបអរសាទរពីសំណាក់អ្នកគាំទ្រផងដែរ។
រូបសំណាក Cristiano Ronaldo ធ្វើពីសំរិទ្ធនេះ រចនាឡើងដោយជាងចម្លាក់ដីឥដ្ឋ និងដែកដ៏ឆ្នើម គឺលោក Sergio Furnari។ លោក Furnari បានរៀបរាប់ថា ការរចនារូបសំណាកនេះឡើង គឺដើម្បីអបអរថ្ងៃកំណើត Cristiano Ronaldo ដែលឈានចូលវ័យ ៤០ឆ្នាំ។
លោក Furnari បានសង្កត់ធ្ងន់ថា Cristiano Ronaldo មិនត្រឹមតែជាកំពូលកីឡាករបាល់ទាត់ម្នាក់ប៉ុណ្ណោះទេ គាត់គឺជានិមិត្តរូបនៃការតស៊ូ ឧត្តមភាព និងឯកភាពជាសកល ដែលជំរុញទឹកចិត្តខ្ញុំឱ្យបង្កើតស្នាដៃមួយនេះឡើង។
ជាងចម្លាក់ដ៏ល្បីរូបនេះបានបញ្ជាក់ទៀតថា រូបសំណាក Ronaldo នឹងធ្វើដំណើរជុំវិញពិភពលោក ដូចជាទីក្រុង Manchester ចក្រភពអង់គ្លេស, ទីក្រុង Madrid ប្រទេសអេស្ប៉ាញ, ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ក៏ដូចជាប្រទេសអ៊ីតាលី និងអូស្ត្រាលីជាដើម។
សូមបញ្ជាក់ថា Cristiano Ronaldo បានឈ្នះពានរង្វាន់ជាច្រើនក្នុងអាជីពដ៏យូរអង្វែងរបស់គាត់កន្លងមក អំឡុងពេលដែលគាត់លេងឱ្យក្លិបបិសាចក្រហម Manchester United, ក្លិបអធិរាជស Real Madrid និងក្រុមជម្រើសជាតិព័រទុយហ្គាល់នៅក្នុងការប្រកួត World Cup។
លើសពីនេះ Ronaldo ដែលត្រូវបានចាត់ថ្នាក់ជាអត្តពលិករកចំណូលបានច្រើនជាងគេបំផុតរបស់ពិភពលោកដោយទស្សនាវដ្តី Forbes ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ក៏មានអ្នកតាមដានសរុបជាងមួយពាន់លាននាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់គាត់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។