ទូទាំងប្រទេសស្រីលង្កា ដាច់ចរន្តអគ្គិសនី ដោយសារសត្វស្វាមួយក្បាល
ក្រុមមន្ត្រីរដ្ឋាភិបាលស្រីលង្កា បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ បាននិយាយថាសត្វស្វាមួយក្បាលបានចូលអុកឡុកអនុសា្ថនីយអគ្គីសនីមួយកន្លែងនៃតំបន់ជាយរដ្ឋធានី Colombo ដោយបង្កឱ្យដាច់ចរន្តអគ្គីសនីនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការដាច់ចរន្តអគ្គិសនីបានកើតឡើងនៅម៉ោងប្រហែល ១១៖៣០នាទីព្រឹក កាលពីថ្ងៃអាទិត្យ។ រដ្ឋមន្ត្រីថាមពល លោក Kumara Jayakody បានប្រាប់ក្រុមអ្នកសារព័ត៌មានថាមានសត្វស្វា មួយក្បាល បានប៉ះនឹង ម៉ាស៊ីនផលិតអគ្គិសនី ដោយបណ្ដាលឱ្យប្រព័ន្ធគាំងដំណើរការ។ អគ្គិសនីត្រូវបានស្ដារឡើងវិញទាំងស្រុង នៅទូទាំងប្រទេសស្រីលង្កានៅម៉ោងប្រហែល ៦ល្ងាច (ម៉ោងក្នុងតំបន់) ហើយការដាច់ចរន្តអគ្គិសនីនេះ ក៏បានធ្វើឱ្យដាច់ការផ្គត់ផ្គង់ទឹកស្អាតផងដែរ។
ស្រីលង្កា ធ្លាប់ជួបប្រទះបញ្ហារអាក់រអួល និងដាច់ចរន្តអគ្គិសនីអស់រយៈពេលជាច្រើនខែ កាលពីខែរដូវក្ដៅឆ្នាំ២០២២ នៅពេលប្រទេសមួយនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។