ផលិតផលខ្មែរ នឹងដាក់លក់ នៅលើផ្លូវ Walk Street
រដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួនមកតាំងបង្ហាញ និងលក់ដូរនៅលើផ្លូវថ្មើរជើង (Walk Street) ក្រោយសង្កេតឃើញថា ក្នុងសប្តាហ៍ទី២ មានភ្ញៀវអន្តរជាតិ និងប្រជាពលរដ្ឋកើនឡើងជាងសប្តាហ៍មុនទៅទៀត។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកនិងលោកស្រីចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (Walk Street) នារាត្រីថ្ងៃទី៩ កុម្ភៈនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ការដាក់ដំណើរផ្លូវថ្មើរជើង (Walk Street) បានចាប់ផ្តើមតាំងពីថ្ងៃទី១ កុម្ភៈមកម្ល៉េះ តែមនុស្សម្នាចាប់ផ្តើមកើនឡើងនៅថ្ងៃទី២ ក្នុងសប្តាហ៍ទី១ ដោយឡែកសម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ តាមការសង្កេតរបស់លោក ពលរដ្ឋបន្តកើនឡើងជាងសប្តាហ៍មុនទៅទៀត។ លោក ឃួង ស្រេង ថា «ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋពេញចិត្តមកកម្សាន្តផ្លូវថ្មើរជើង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាការគាំទ្រនិងលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ»។
លោកអភិបាល ឃួង ស្រេង សង្ឃឹមថា ដំណើរការសាកល្បងនេះនឹងទទួលបានជោគជ័យ ហើយរដ្ឋបាលរាជធានីនឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដើម្បីទាកទាញភ្ញៀវជាតិនិងអន្តរជាតិឱ្យចូលរួមកម្សាន្តសប្បាយ។ ជាមួយគ្នានេះ លោក ឃួង ស្រេង បានមើលឃើញថា ការរៀបចំក្នុងដំណាក់កាលសាល្បងនេះនៅមានចំណុចខ្វះខាតកន្លែងខ្លះ ខណៈរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងកែសម្រួលជូនពលរដ្ឋឱ្យកាន់តែប្រសើរផងដែរ។
លោក ឃួង ស្រេង បានបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការជាមួយភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួនមកតាំងបង្ហាញ និងលក់ដូរ។ ជាងនេះទៅទៀត ក៏មានរៀបចំឱ្យបណ្ណាល័យចល័ត សម្រាប់អ្នកចូលចិត្តអានសៀវភៅផងដែរ។ ដោយឡែក ផ្ទាំងទស្សនីយភាព តន្ត្រីបុរាណ ក៏ចាប៉ីដងវែង អ្នកដេញតាខេ អាយៃ សៀករហ័សកម្ម ជាដើម ហើយមានការចូលរួម រួមទាំងវិចិត្រករសូនរូប គូររូប ដែលសុទ្ធតែជាផ្នែកដល់ការទាក់ទាញភ្ញៀវទេសចរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។