Apple និង Alibaba ចាប់គ្នានាំយកមុខងារ AI សម្រាប់iPhones ទៅទីផ្សារប្រទេសចិន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Alibaba ដើម្បី​ណែនាំ​មុខងារ AI ដល់ iPhone ក្នុង​ប្រទេស​ចិន។ ភាពជាដៃគូនេះ ធ្វើឡើងបន្ទាប់ពី Apple បានរាយការណ៍មិនពេញចិត្តចំពោះក្រុមហ៊ុន Baidu ដែលជាដៃគូ AI ដំបូងរបស់ខ្លួន និងការបដិសេធរបស់ក្រុមហ៊ុនចិនផ្សេងទៀតដូចជា DeepSeek ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

ការអភិវឌ្ឍន៍នេះ ត្រូវបានគេមើលឃើញថាអាចជម្រះភាពមិនច្បាស់លាស់ជាច្រើនខែលើយុទ្ធសាស្ត្រ AI របស់ Apple សម្រាប់ប្រទេសចិន ដែលជាកន្លែងដែលក្រុមហ៊ុនយក្សនេះ បានបាត់បង់ចំណែកទីផ្សារទៅឱ្យគូប្រជែងក្នុងស្រុក រួមទាំងក្រុមហ៊ុន Huawei ដែលកំពុងស្ទុះងើបឡើងវិញ ខណៈស្មាតហ្វូនរបស់ពួកគេបានរួមបញ្ចូលឧបករណ៍ AI តាំងពីឆ្នាំមុនមកម្លេះ។

ជុំវិញភាពជាដៃគូនេះ Apple ដំបូងឡើយបានជ្រើសរើស Baidu ជាដៃគូសំខាន់របស់ខ្លួន ប៉ុន្តែការរីកចម្រើនរបស់ក្រុមហ៊ុនចិនក្នុងការអភិវឌ្ឍន៍ម៉ូដែលសម្រាប់ Apple Intelligence បានធ្លាក់ចុះតិចជាងស្តង់ដាររបស់ខ្លួន។ បន្ទាប់មក Apple ក៏បានពិចារណាលើក្រុមហ៊ុនផ្សេងទៀតដូចជា Tencent, ByteDance ដែលជាមេធំរបស់ TikTok, Alibaba និង DeepSeek ប៉ុន្តែចុងក្រោយ Apple សម្រេចជ្រើសយក Alibaba ខណៈដែល Deepseek ត្រូវបានគេរាយការណ៍ថាខ្វះធនធានចាំបាច់ដើម្បីគាំទ្រអតិថិជនធំដូចជា Apple ជាដើម។

គួរជម្រាបថា Apple និង Alibaba បានបញ្ជូនមុខងារ AI រួមគ្នារបស់ពួកគេទៅកាន់និយតករ cyberspace របស់ប្រទេសចិនរួចហើយសម្រាប់ការអនុម័ត។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតផ្សេងទៀត Apple និង Alibaba នៅមិនទាន់មានការឆ្លើយតបចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​របស់ Reuters ទេ។ គិតមកទល់ពេលនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើង ១.៥% នៅក្នុងការជួញដូរដំបូង ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកបានកើនឡើង ២.៦%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close