មនុស្ស១២នាក់ រងរបួសក្នុងករណីបំផ្ទុះគ្រាប់បែកដៃ ក្នុងបារមួយនៅបារាំង
កាលពីថ្ងៃពុធ គ្រាប់បែកដៃមួយគ្រាប់បានផ្ទុះ នៅក្នុងបារ ដែលតែងប្រមូលផ្តុំដោយ អ្នកមើលបាល់ទាត់ មានទីតាំងស្ថិតក្នុងទីក្រុង Grenoble ភាគអាគ្នេយ៍ នៃប្រទេសបារាំង បណ្តាលឲ្យមនុស្ស១២នាក់ រងរបួស។
មន្ត្រីសង្គ្រោះបន្ទាន់ ដែលបានទៅដល់កន្លែងកើតហេតុ បាននិយាយថា ភ្ញៀវជាច្រើនមានវត្តមាន នៅពេលដែលគ្រាប់បែកដៃ បានផ្ទុះឡើង ភ្លាមៗ នៅម៉ោងជាង ៨យប់។ ក្រុមអ្នកស៊ើបអង្កេត សង្ស័យថា ពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀន ដោយមានប្រភពចំនួន បានបង្ហាញថា ជនសង្ស័យក៏មានកាន់កាំភ្លើងវែង Kalashnikov ផងដែរ។
អភិបាលក្រុង Grenoble លោក Eric Piolle បានសរសេរ នៅលើ X ថា «ខ្ញុំថ្កោលទោស ក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត ដែលអាចធ្វើទៅបាន ចំពោះអំពើឧក្រិដ្ឋកម្ម មិនធម្មតា» ។
អភិបាលរងក្រុង លោកស្រី Chloe Pantel បានប្រាប់ AFP ថា បារនេះគឺជាកន្លែង ដែលអ្នកស្រុក និងមនុស្ស មកប្រមូលផ្តុំគ្នា ជាពិសេស ដើម្បីមើលការប្រកួតបាល់ទាត់។ បារមួយនេះ ត្រូវបានសាងសង់ នៅពេលទីក្រុង Grenoble ធ្វើជាម្ចាស់ផ្ទះ រៀបចំកីឡាអូឡាំពិក រដូវរងា ឆ្នាំ១៩៦៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។