បើកឡានបុករះ បណ្តាលឱ្យមនុស្សជិត ៣០នាក់របួស នៅអាល្លឺម៉ង់
ប៉ូលិសអាល្លឺម៉ង់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៨នាក់ រួមទាំងកុមារបានរងរបួសធ្ងន់-ស្រាល បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុករះហ្វូងមនុស្សនៅទីក្រុងមុយនិច នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ជនបង្កបានបើកឡានបុករះហ្វូងមនុស្ស ខណៈពេលពួកគេកំពុងចូលរួមក្នុងបាតុកម្មមួយ។ វិទ្យុ Bavarian បានដកស្រង់សម្តីសាក្សីចេញផ្សាយថា អ្នកបើកបរមានចេតនាបើកឡានបុករះក្រុមអ្នកតវ៉ា។
អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកបើកបរ ដោយនិយាយថា ជនបង្កជាជនអន្តោប្រវេសន៍ជនជាតិអាហ្វហ្គានីស្ថាន វ័យ ២៤ឆ្នាំ ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ។
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល បាននិយាយថា ជនបង្កត្រូវតែទទួលទោសតឹងរ៉ឹងបំផុតតាមច្បាប់ ហើយបន្ទាប់មកត្រូវបានបណ្តេញចេញពីប្រទេសអាល្លឺម៉ង់។
ឧបទ្ទវហេតុនេះកើតឡើងនៅពេលដែលអាល្លឺម៉ង់កំពុងពង្រឹងសន្តិសុខ មុនពេលសន្និសីទសន្តិសុខទីក្រុងមុយនិច ដែលជាការប្រមូលផ្តុំដ៏ធំនៃអ្នកជំនាញគោលនយោបាយការបរទេស និងមេដឹកនាំពិភពលោក ចាប់ផ្តើមនៅថ្ងៃសុក្រនេះ។ កន្លែងសន្និសីទមានចម្ងាយប្រហែល ១,៦ គីឡូម៉ែត្រពីទីតាំងកើតហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។