មនុស្សស្លាប់ ៣០នាក់ ក្នុងហេតុការណ៍បើករថយន្តធ្លាក់ជ្រោះ នៅបូលីវី
ប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ចូល ទៅក្នុងជ្រោះជម្រៅ ៨០០ ម៉ែត្រនៅភាគខាងត្បូង ប្រទេសបូលីវី បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣០ នាក់ និងរបួស ១៥ នាក់ ។ ឧបទ្ទវហេតុនេះបានកើតឡើង នៅលើផ្លូវតូចចង្អៀតមួយ រវាងទីក្រុង Potosi និង Oruro កាលពីថ្ងៃចន្ទ។
អាជ្ញាធរបាននិយាយថា មូលហេតុ អាចបណ្តាលមកពីការបើកបរក្នុងល្បឿនលឿន ដោយអ្នកបើកបរ មិនអាច គ្រប់គ្រងរថយន្តក្រុង ខណៈតំបន់ភ្នំនៅទីនោះ មានខ្យល់ខ្លាំង។ នេះគឺជាគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបំផុត ក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ក្នុងឆ្នាំនេះ។
របាយការណ៍ពីរដ្ឋាភិបាល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ជាមធ្យម ១,៤០០នាក់ ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសដែលមានប្រជាជនប្រហែល ១២ លាននាក់មួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។