ផ្លូវក្រវាត់ក្រុងទី៣ តម្លៃវិនិយោគ២៥៩លានដុល្លារ ជិតគម្រោងព្រលានយន្តហោះភ្នំពេញថ្មី គ្រោងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅពាក់កណ្តាលខែមករានេះ
តាមការគ្រោងទុកផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសថា មានតម្លៃសាងសង់២៥៩លានដុល្លារ នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញ។
ផ្លូវក្រវាត់ក្រុងទី៣នេះ ជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលការធ្វើចរាចរណ៍។ ពិសេស ផ្លូវក្រវាត់ក្រុងនេះ ក៏រត់កាត់ជិតគម្រោងព្រលានយន្តភ្នំពេញថ្មីផងដែរ។
សូមជម្រាបជូនថា គម្រោងផ្លូវក្រវាត់ទី៣ ដែលគ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករាខាងមុនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទទួលឥណទានសម្បទាននូវទឹកប្រាក់ចំនួន២៥៩លានដុល្លារអាមេរិក ពីភាគីចិន សម្រាប់គម្រោងសាងសង់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយចាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់ នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ៣ត្រង់ ចំណុចគីឡូម៉ែត្រលេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ២២+៨០០ និងកាត់ផ្លូវ ជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង៥.៣៧គីឡូម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។