Facebook ប្រកាសលុបចោលវីដេអូ ដែលបាន Live នៅ៣០ថ្ងៃបន្ទាប់

ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥នេះតទៅ Facebook នឹងលុបវីដេអូ Live (live broadcast recordings) បន្ទាប់ពី ៣០ ថ្ងៃ។ ការផ្លាស់ប្តូរនេះមានន័យថា វីដេអូដែលបាន Live រួច អាចធ្វើការ Live ឡើងវិញ, ទាញយក ឬចែករំលែកពីទំព័រ Facebook Page ឬ Profile បានតែក្នុងរយៈពេល ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនោះ វានឹងត្រូវបានយកចេញដោយស្វ័យប្រវត្តិ។

មូលហេតុនៃការផ្លាស់ប្ដូរ៖ ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook បានបញ្ជាក់ឱ្យដឹងថា ភាគច្រើននៃវីដេអូដែលបាន Live គឺមាន​ការកើនឡើងចំនួនអ្នកទស្សនា (views) នៅតែក្នុងពីរបីសប្ដាហ៍ដំបូងប៉ុណ្ណោះ។ ចំណែកហេតុផលមួយទៀតនោះគឺ បង្កើនប្រសិទ្ធភាពនៃ​ទំហំ​ផ្ទុកទិន្នន័យ (optimize storage), កាត់បន្ថយការចំណាយក្នុងការថែរក្សាទិន្នន័យវីដេអូ និងតម្រូវទៅតាមស្តង់ដារឧស្សាហកម្ម។

ផលប៉ះពាល់លើវីដេអូដែលមានស្រាប់៖ តាមការបញ្ជាក់ពី Meta គឺរាល់វីដេអូដែលបាន live និងមានអាយុកាលលើពី ៣០ថ្ងៃ នឹងត្រូវដក ឬលុបចេញពី Facebook ដោយស្វ័យប្រវត្ត ហើយយុទ្ធនាការនេះវានឹងចាប់ផ្ដើមពីពេលនេះក្នុងការរាប់អាយុរបស់វីដេអូ។

ជម្រើសអ្នកប្រើប្រាស់ និងការជូនដំណឹង៖ អ្នក​ប្រើ​នឹង​ទទួល​បាន​អ៊ីមែល និង​ការ​ជូន​ដំណឹង​ពី Facebook ​មុន​ពេល​លុបវីដេអូ ដោយ​ផ្តល់​រយៈ​ពេល ៩០ថ្ងៃ ​ដើម្បី​ Save វីដេអូ មុនពេល Facebook លុបចេញជាផ្លូវការ។ អ្នកប្រើប្រាស់មានច្រើនជម្រើសក្នុងការ Save វីដេអូ​របស់​ពួកគេ​ដោយអាចទាញយកមកទុកនៅលើឧបករណ៍ផ្ទាល់ខ្លួនដូចជាកុំព្យូទ័រ ឬទូរសព្ទ, អាចផ្ទេរវីដេអូនោះទៅកាន់ cloud storage (ដូច​ជា Dropbox ឬ Google Drive) ឬ​បំប្លែង​ទៅ​ជាវីដេអូ Reel។ ជាមួយគ្នានេះផងដែរ Facebook កំពុងរៀបចំ tools សម្រាប់ផ្ដល់​ភាពងាយ​ស្រួលដល់អ្នកប្រើប្រាស់ក្នុងការទាញយកវីដេអូដែលបាន Live កន្លងមក ដោយក្នុងនោះក៏មានមុខងារ​ទាញយក​វីដេអូម្ដងបានច្រើន​ផងដែរ (bulk download)។ អ្វីដែលកាន់តែពិសេសនោះគឺអ្នកប្រើប្រាស់ពន្យាពេលកំណត់លុបវីដេអូរហូតដល់ ៦ខែ៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close