ត្រីបាឡែនជាង ១៥០ក្បាល ជាប់គាំងនៅឆ្នេរសមុទ្រ ប្រទេសអូស្ត្រាលី
ត្រីបាឡែនដែលមានទម្ងន់ចាប់ពី ៥០០គីឡូក្រាមទៅ ៣តោនប្រមាណជាង ១៥០ក្បាលបានជាប់គាំងពាសពេញឆ្នេរសមុទ្រនៃរដ្ឋ Tasmania ប្រទេសអូស្ត្រាលី។
នាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថានអូស្ត្រាលី បានឲ្យដឹងថា ត្រីបាឡែនសរុបចំនួន ១៥៧ក្បាលបានជាប់គាំងពាសពេញឆ្នេរនៅជិតទីប្រជុំជននៃព្រែក Arthur នៅឆ្នេរសមុទ្រភាគខាងលិចប្រទេសអាស្រ្តាលី។
ត្រីបាឡែនទាំងនេះ ត្រូវបានគេរកឃើញកាលពីរសៀលថ្ងៃអង្គារ ដែលខ្លះអាចជាប់គាំងអស់រយៈពេល ៤៨ម៉ោងរហូតដល់ព្រឹកថ្ងៃពុធ។ បើតាមសេចក្តីថ្លែងការណ៍ ក្នុងចំណោមត្រីបាឡែនចំនួន ១៥៧ក្បាលនោះ មាន ១៣៦ក្បាលហាក់ដូចជានៅមានជីវិតនៅឡើយ។
អ្នកជំនាញកំពុងរកវិធីសមស្រប ក្នុងការបញ្ជូនត្រីទាំងនេះទៅក្នុងសមុទ្រវិញ ដែលជាបញ្ហាមួយទាមទារឲ្យមានកម្លាំងមនុស្សច្រើន និងបង្កហានិភ័យដល់បុគ្គលិកផងដែរ។
ការជាប់គាំងនេះគឺជាលើកទីមួយរបស់ត្រីបាឡែន False killer នៅឆ្នេរនៃរដ្ឋ Tasmania ចាប់តាំងពីឆ្នាំ ១៩៧៤ ដោយកាលនោះ មានហ្វូងត្រីបាឡែននេះជាង ១៦០ក្បាលបានជាប់គាំងនៅលើឆ្នេរក្បែរទីក្រុង Stanley។
កាលពីឆ្នាំ ២០២២ ត្រីបាឡែន Pilot ចំនួន ២៣០ក្បាលបានជាប់គាំងនៅឆ្នេរសមុទ្រភាគខាងលិចនៅឯកំពង់ផែ Macquarie។
ចំណែកការជាប់គាំងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី បានកើតឡើងនៅក្នុងកំពង់ផែដូចគ្នាក្នុងឆ្នាំ ២០២០ ដោយត្រីបាឡែនចំនួន ៤៧០ក្បាលបានជាប់គាំង។ ភាគច្រើននៃត្រីបាឡែនដែលជាប់គាំងនៅឆ្នេរសមុទ្រទាំងពីរលើកបានងាប់។
យ៉ាងណាមិញ មូលហេតុនៃការជាប់គាំងទាំងនេះ នៅតែមិនច្បាស់លាស់ ដោយការសន្និដ្ឋានខ្លះថាដោយសារពួកវាវង្វេង ដែលបណ្ដាលមកពីសំឡេងខ្លាំង, ជំងឺវ័យចំណាស់របស់វា, ការរងរបួស, ការរត់គេចពីសត្វផ្សេងតាមប្រមាញ់ និង បញ្ហាអាកាសធាតុជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។