រដ្ឋមន្ត្រីក្រសួងដែនដី ព្រមានថា ប្រធានមន្ទីរណា អនុញ្ញាតឱ្យសាងសង់សំណង់ គ្មានប្រព័ន្ធចម្រុះទឹកសម្អុយ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់
ភ្នំពេញ៖លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បញ្ជាដល់មន្ទីររៀបចំដែនដីរាជធានី ខេត្តទាំងអស់ហាមដាច់ខាតមិនត្រូវចុះហត្ថលេខាឲ្យក្រុមហ៊ុនសាងសង់សំណង់បុរី សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានឬតំបន់សម្រាកលំហែកាយនៅតាម តំបន់ទេសចរណ៍ឡើយ ប្រសិនបើមិនបានភ្ជាប់ជាមួយប្លង់គំរូប្រព័ន្ធលូ សម្រាប់ធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ជាមុនសិននោះ។
លោក ជា សុផារ៉ា អះអាងថា ប្រសិនបើប្រធានមន្ទីរឬមន្រ្តីក្រោមឱវាទរូបណាហ៊ានចុះហត្ថលេខាដោយពុំបានសិក្សាពីបច្ចេកទេសនៃប្រព័ន្ធចម្រុះទឹកសម្អុយនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
យោងតាមក្រសួងព័ត៌មាន បញ្ជាក់ទៀតថា ការជំរុញអោយមន្រ្តីរបស់ខ្លួនពង្រឹងការគ្រប់គ្រងការស្ថាបនាប្រព័ន្ធចម្រោះទឹកសម្អុយ មុនបង្ហូរដោយផ្ទាល់ចូលទៅក្នុងលូមេ សាធារណៈឬទឹកទន្លេ ទឹកសមុទ្រស្ទឹងបឹងបួរនោះ បានធ្វើឡើងបន្ទាប់ពីខេត្តទេសចរណ៍មួយចំនួន ពិសេសនៅខេត្តព្រះសីហនុដោយគ្រប់ប្រព័ន្ធលូទាំងអស់ ត្រូវបានបង្ហូរចូលក្នុង សមុទ្រ ដែលធ្វើឲ្យទឹកសមុទ្រ មានក្លិនស្អុយ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ។
លោកជិន សេង អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុបានឲ្យដឹងថា អង្គភាពជំនាញនៅក្នុងខេត្តព្រះសីហនុបានសម្រេចសាងសង់ស្ថានីយ៍បូមទឹកនិងចម្រុះទឹកស្អុយចំនួន៤កន្លែង ដើម្បីបញ្ជៀសការបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្រដោយផ្ទាល់ ដើម្បីការបរិស្ថាន និងធានាអោយឆ្នេរសមុទ្រកម្ពុជានៅតែបន្តជាឆ្នេសមុទ្រស្អាតជាងគេនៅលើលោក។
សូមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាទឹកស្អុយនៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាជាង៣លានដុល្លារដើម្បីសាងសង់អាងប្រព្រឹត្តកម្មចម្រុះទឹកសម្អុយ មុនបង្ហូរចូល សមុទ្រ ដោយគ្រោងអោយហើយនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅលេងខេត្តព្រះសីហនុអោយបានច្រើនកុះករបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។