ជនចំណាកស្រុកជាង ២៤០នាក់ និរទេសចេញពីអាមេរិក
យន្តហោះដឹកជនចំណាកស្រុក ជាង២៤០នាក់ មានទាំងកុមារ ជាង៧០នាក់ ដែលបញ្ជូនចេញពីទឹកដី សហរដ្ឋអាមេរិក បានទៅដល់ប្រទេស វ៉េណេស៊ុយអេឡា កាលពីថ្ងៃចន្ទ។
ជនជាតិវេណេហ្ស៊ុយអេឡា ទាំងជាង២៤០នាក់នេះ រួមទាំងកុមារ ៧៥នាក់ និងស្ត្រី ៧៤នាក់ ហើយត្រូវបានបញ្ជូនមកពីទឹកដី ប្រទេសម៉ិចស៊ិក ជាកន្លែងទទួលជនអន្តោប្រវេសន៍ពីអាមេរិក ហើយបានបន្តដឹកទៅដល់ទីក្រុង ម៉ៃក្វេត្យា (Maiquetia) ភាគខាងជើង នៃរដ្ឋធានី ការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា។
ការបញ្ជូននេះ គឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ និង លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតី នៃប្រទេស វ៉េណេស៊ុយអេឡា ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនចំណាកស្រុក មិនទៀងទាត់ ពោលគឺបន្ទាប់ពីទំនាក់ទំនងប្រទេសទាំងពីរ បានដាច់ពីគ្នា រយៈពេលជាច្រើនឆ្នាំ។
ក្រុមនេះបានទៅដល់ តាមជើងហោះហើរ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ វ៉េណេស៊ុយអេឡា ឈ្មោះ ខុនវ៉ៃសា (Conviasa) ដែលត្រូវបានដាក់ទណ្ឌកម្ម ដោយទីក្រុងវ៉ាស៊ីនតោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។