ឥណ្ឌូនេស៊ី លុបចោលការហាមឃាត់លក់ iPhone16 ជាផ្លូវការហើយ
ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍មកថា ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានព្រមព្រៀងគ្នាលើលក្ខខណ្ឌ ដើម្បីលុបចោលការហាមឃាត់ការលក់ iPhone16 នៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយ ខណៈអាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ប្រទេសឥណ្ឌូនេស៊ី បានហាមឃាត់ iPhone 16 នៅក្នុងខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមហ៊ុន Apple មិនបានបំពេញតាមតម្រូវការមាតិកាក្នុងស្រុករបស់ប្រទេសឥណ្ឌូនេស៊ី ដែលកំណត់ថាយ៉ាងហោចណាស់ ៣៥% នៃស្មាតហ្វូនដែលលក់នៅទីនោះត្រូវតែមានប្រភពសមាសធាតុក្នុងស្រុក។ យ៉ាងណាក្រោយការប្រឈមមុខដាក់គ្នារយៈពេល ៥ខែបានជំរុញឱ្យ Apple បង្កើនការវិនិយោគក្នុងប្រទេសនេះរហូតដល់ ១ពាន់លានដុល្លារនៅក្នុងរោងចក្រផលិត ដែលផលិតគ្រឿងបន្លាស់សម្រាប់ស្មាតហ្វូន និងផលិតផលផ្សេងទៀត នេះបើតាមការលើកឡើងរបស់ រដ្ឋមន្ត្រីវិនិយោគឥណ្ឌូនេស៊ី។
របាយការណ៍បាននិយាយថា ក្រៅពីការវិនិយោគនេះ ក្រុមហ៊ុន Apple នឹងប្តេជ្ញាបណ្តុះបណ្តាលអ្នកស្រុកក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍលើផលិតផលរបស់ខ្លួន ហើយនេះនឹងធ្វើឡើងតាមរយៈកម្មវិធីផ្សេងៗក្រៅពីសាលា Apple (Apple Developer Academy) ដែលមានស្រាប់។ ប្រភពបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ Apple មិនមានគម្រោងភ្លាមៗក្នុងការចាប់ផ្តើមផលិត iPhone នៅក្នុងប្រទេសនេះនោះទេ។
គួរជម្រាបថា ជុំវិញព័ត៌មានលម្អិតន្ថែមទៀត Apple និងក្រសួងឧស្សាហកម្មរបស់ឥណ្ឌូណេស៊ី ដែលទទួលភារកិច្ចអនុវត្តការហាមឃាត់នេះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។ ខណៈគ្មានការឆ្លើយតបទៅនឹង Bloomberg ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។