ចិន ដំឡើងពន្ធពី១០% ទៅ១៥% លើផលិតផលកសិកម្មចម្រុះ សងសឹកទៅអាមេរិកវិញ

ប្រទេសចិន នៅថ្ងៃអង្គារ បានសងសឹកវិញភ្លាមៗ ប្រឆាំងនឹងពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដោយទីក្រុងប៉េកាំងបានប្រកាសដំឡើងពន្ធពី ១០% ទៅ ១៥% លើផលិតផលកសិកម្ម និងអាហារនាំចូលពីអាមេរិក ហើយថែមទាំងដាក់ក្រុមហ៊ុនអាមេរិកចំនួន ២៥ ឱ្យស្ថិតក្រោមការរឹតបន្តឹងលើការនាំចេញ និងការវិនិយោគ។

សង្គ្រាមពន្ធបានផ្ទុះឡើងបន្ទាប់ពីមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ពន្ធ ២៥% លើទំនិញនាំចូលពីកាណាដា និងម៉ិកស៊ិក ហើយដាក់ពន្ធបន្ថែម ១០%ទៀតលើចិន បូករួមទាំងពន្ធពីមុនសរុបកើនដល់ ២០%។

ជាការសងសឹក ចិនបានដំឡើងពន្ធលើការនាំចូលដែលគ្របដណ្តប់លើផលិតផលកសិកម្ម និងអាហាររបស់អាមេរិកដែលមានតម្លៃ ២១ ពាន់លានដុល្លារ នាំឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ខិតទៅជិតសង្រ្គាមពាណិជ្ជកម្មដ៏ធំ។

ចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្មរបស់អាមេរិក ហើយវិស័យនេះ គឺងាយរងគ្រោះខ្លាំងជាងគេជាយូរមកហើយ នៅពេលមានភាពតានតឹងពាណិជ្ជកម្ម។

ជាក់ស្តែង ការនាំចូលទំនិញកសិកម្មរបស់ចិនបានធ្លាក់ចុះនៅឆ្នាំទីពីរមកនៅត្រឹម ២៩.២៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ បើធៀបនឹងឆ្នាំ ២០២២ មានទឹកប្រាក់ ៤២.៨ ពាន់លានដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close