រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖ TikTok បើកឱ្យអ្នកបង្កើតមាតិកា ​នៅកម្ពុជា​ អាចរកចំណូលបានហើយ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​បានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ ​អ្នកបង្កើតមាតិកានៅកម្ពុជា ដែលមានខ្លឹមសារល្អ និងមានភាពទាក់ទាញអ្នកទស្សនាច្រើន​នៅលើបណ្តាញសង្គម TikTok នឹង​អាចរកចំណូលបានហើយ​ ដែលនេះជាការផ្តល់ឱកាសរបស់ក្រុមហ៊ុន TikTok ដល់អ្នកបង្កើតមាតិកា​នៅកម្ពុជា។

ឯកឧត្តម ជា វ៉ាន់ដេត គូសបញ្ជាក់បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok នា​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។

ឯកឧត្តមបាន​បញ្ជាក់បន្ថែមថា ​កាលពី​ពេលកន្លងមក អ្នកបង្កើតមាតិកាជាច្រើននៅកម្ពុជា បានស្នើទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីឱ្យក្រុមហ៊ុន TikTok ហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀត ផ្តល់ឱកាសក្នុងការរកចំណូលបានពីការបង្កើតមាតិកាផ្សព្វផ្សាយ នៅលើបណ្តាញសង្គមទាំងនោះផងដែរ។ ហើយនាពេលខាងមុខ ក្រសួងនឹងបន្តខិតខំសម្របសម្រួលបន្ថែមទៀត ដើម្បីឱ្យអ្នកបង្កើតមាតិកានៅបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជាអាចរកចំណូលបាន​។

យ៉ាងនេះក្តី ឯកឧត្តមលើកទឹកចិត្តឱ្យអ្នក​បង្កើតមាតិកាទាំងអស់ ប្រឹងបង្កើតមាតិកាឱ្យកាន់តែល្អ បម្រើដល់សង្គមជាតិ បរិស្ថាន មនុស្សជាតិ សេដ្ឋកិច្ច និងមានភាពទាក់ទាញដល់អ្នកស្តាប់ និងអ្នកទស្សនា ប៉ុន្តែកុំបង្កើតមាតិកាណាដែលធ្វើឱ្យមនុស្សភ័យខ្លាច បំផ្លាញបរិស្ថាន រំលេចនូវរូបភាពបែបសាហាវ ដែលមាតិកាទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ទស្សនិកជន ហើយអាចនឹងមិនទទួលបានចំណូលផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close