ស្លាប់មនុស្សកើនដល់ ១៧នាក់ ដោយសារខ្យល់ព្យុះ នៅអាមេរិក

ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏កំណាចវាយលុកភាគកណ្តាល និងខាងកើតសហរដ្ឋអាមេរិក កើនឡើងដល់ ១៧ នាក់ ចំពេលមានការព្រមានពីគ្រោះទឹកជំនន់ភ្លាមៗ នេះបើតាមការអះអាងរបស់មន្ត្រីអាមេរិកកាលពីថ្ងៃអាទិត្យ។

ការព្រមានកើតមានគ្រោះទឹកជំនន់ភ្លាមៗនៅតែរក្សា ជាពិសេសនៅក្នុងរដ្ឋ Kentucky រដ្ឋ Tennessee និងរដ្ឋ Alabama នេះបើយោងតាមអ្នកព្យាករណ៍ឧតុនិយម។

វីដេអូរបស់កាសែតបារាំង AFP បានបង្ហាញពីការខូចខាតយ៉ាងទូលំទូលាយ បង្កឡើងពីខ្យល់ព្យុះវាយលុករដ្ឋជាច្រើនរបស់អាមេរិក ដោយផ្ទះ និង រថយន្តក្រឡាប់ត្រូវទឹកជន់លិច ដើមឈើ និងបង្គោលភ្លើងបាក់ដួលរលំ។

គេហទំព័រតាមដានថាមពល PowerOutage.us បានឱ្យដឹងថា អតិថិជនស្ទើរតែ ១៤០.០០០ នាក់គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋចំនួន ៥ ដែលរងផលប៉ះពាល់កាលពីថ្ងៃអាទិត្យ។

អ្នកវិទ្យាសាស្ត្រនិយាយថា ការឡើងកំដៅផែនដីកំពុងរំខានដល់គំរូអាកាសធាតុ និងវដ្តទឹក ធ្វើឱ្យអាកាសធាតុអាក្រក់កើតឡើងកាន់តែញឹកញាប់ និងសាហាវទៅៗ។

តួយ៉ាង កាលពីឆ្នាំមុន បានបង្កើតកំណត់ត្រាមួយនៃវិបត្តិអាកាសធាតុសម្រាប់សហរដ្ឋអាមេរិក ដោយប្រទេសមហាអំណាចពិភពលោកមួយនេះ បានរងការវាយប្រហារពីព្យុះកំបុតត្បូង និងខ្យល់ព្យុះដ៏បំផ្លិចបំផ្លាញជាច្រើនលើកផ្ទួនៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close