ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី ជះផេះ៣ម៉ឺនម៉ែត្រ ប៉ះពាល់ផ្លូវអាកាស
ភ្នំភ្លើង Dukono មានកម្ពស់ ១.៣៣៥ ម៉ែត្រ នៅខេត្ត Maluku ដែលជាភ្នំភ្លើងសកម្មមួយ ក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១២៧ នៅឥណ្ឌូណេស៊ី បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ នាំឱ្យមានការព្រមានផ្នែកអាកាសចរណ៍ និងណែនាំពីសុវត្ថិភាព។
សេចក្តីជូនដំណឹងរបស់អង្គការឃ្លាំមើលភ្នំភ្លើង សម្រាប់ផ្នែកអាកាសចរណ៍ ត្រូវបានចេញនៅកម្រិតពណ៌លឿងទុំ ជាការប្រកាសអាសន្នខ្ពស់បំផុតទីពីរ ដោយហាមយន្តហោះមិនឱ្យហោះហើរក្រោមកម្ពស់ ៥.០០០ ម៉ែត្រ នៅក្នុងតំបន់ជុំវិញភ្នំភ្លើងផ្ទុះ។
ដោយឡែកសម្រាប់សហគមន៍ដែលកំពុងរស់នៅលើជម្រាលភ្នំភ្លើង និង ភ្ញៀវទេសចរ ត្រូវបានណែនាំឱ្យជៀសវាងសកម្មភាពទាំងអស់ក្នុងរង្វង់ ៤ គីឡូម៉ែត្រពីមាត់ភ្នំភ្លើង។ រីឯអាជ្ញាធរជំរុញប្រជាជនរស់នៅតំបន់ក្បែរនោះ ឱ្យពាក់ម៉ាស់ ឬ បិទបាំងមុខការពារប៉ះពាល់ប្រព័ន្ធផ្លូវដង្ហើមដោយសារផេះ។
បើតាមមជ្ឈមណ្ឌលសម្រាលគ្រោះមហន្តរាយភ្នំភ្លើង និង ភូមិសាស្រ្តឥណ្ឌូណេស៊ី ភ្នំភ្លើងនេះកើតឡើងនៅម៉ោង ៦និង១១នាទីនាទីយប់ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃអាទិត្យ នៅតំបន់ North Halmahera ជះផេះភ្នំភ្លើងឡើងទៅលើអាកាសកម្ពស់ដល់ ៣.៣០០០ ម៉ែត្រ។
ឥណ្ឌូណេស៊ីស្ថិតនៅលើតំបន់ខ្សែក្រវ៉ាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ទើបបណ្តាកោះនៃប្រទេសនេះងាយរងគ្រោះដោយសាររញ្ជួយដី និងបន្ទុះភ្នំភ្លើងបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។